ក្រសួងអប់រំ​ គ្រោងនឹងដាក់បញ្ចូលការបរិច្ចាគឈាម ទៅក្នុងកម្មវិធីសិក្សាជាតិ

28 09 2017

ក្រសួងអប់រំយុវជន និងកីឡាគ្រោងនឹងដាក់បញ្ចូលការ បរិច្ចាគឈាមទៅ ក្នុងកម្មវិធីសិក្សាជាតិ ដើម្បីលើកទឹកចិត្ត ឲ្យមានការ បរិច្ចាគ ឈាម ដោយស្ម័គ្រចិត្ត និងមិនគិតកំរ៉ៃ១០០ភាគរយ នៅឆ្នាំ២០២០ ខាងមុខនេះ។ ថ្លែងក្រោយកម្មវិធី ផ្សព្វផ្សាយ និងផ្តល់ អំណោយឈាម របស់បុគ្គលិកអប់រំ នៅព្រឹកថ្ងៃទី២៧កញ្ញា នៅអគាររដ្ឋបាលពញាហុក ក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ការដាក់បញ្ចូល នូវគោលការណ៍សំខាន់ៗ នៃការបរិច្ចាគឈាម ទៅ ក្នុង កម្មវិធី សិក្សានេះគឺដើម្បី បង្កើនចំណេះដឹង ស្តីពីសារៈសំខាន់ នៃការផ្តល់ឈាម ដល់សិស្សនិស្សិត ឲ្យចូលរួមបរិច្ចាគ ឈាម ឲ្យកាន់ តែផុលផុសថែមទៀត ខណៈបច្ចុប្បន្នការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមានកំរិតនៅឡើយ។ ឯកឧត្តម បានបញ្ជាក់ថា កម្មវិធី បរិច្ចាគឈាម នេះនឹងជួយជំរុញឲ្យសិស្សនិស្សិត កាន់តែមានភាពក្លាហានថែម ទៀតក្នុងការចូល រួមបរិច្ចាគឈាម ដើម្បី ជួយសង្គ្រោះ ដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ។ ចំណែកលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌល ជាតិ ផ្តល់ ឈាមបានមានប្រសាសន៍ថា នាពេលឆាប់ៗនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំឯកសារ ដើម្បីធ្វើការ ពិគ្រោះ យោបល់ ជាមួយអ្នកជំនាញ របស់ក្រសួងអប់រំ ដើម្បីដាក់បញ្ចួល គោលការណ៍សំខាន់ៗ នៃការបរិច្ចាគឈាម តាមលក្ខណៈ វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ ទៅក្នុងមុខវិជ្ជាសិក្សាជីវវិទ្យា។ លោកវេជ្ជបណ្ឌិត បានពន្យល់ថា ការបរិច្ចាគឈាមមិនមាន ផលប៉ះ ពាល់ ដល់សុខភាពទេ ដោយសារឈាម ដែលបាត់បង់នោះនឹងកកើតឡើងវិញ ដោយខ្លួនឯងហើយឈាម ដែលបរិច្ចាគនេះ ក៏ធានា បានប្រកបដោយសុវត្ថិភាព ខ្ពស់សម្រាប់ ជួយសង្គ្រោះដល់អាយុជីវិតអ្នកជំងឺ។ លោកវេជ្ជបណ្ឌិតបានបន្តថា ឈាមដែល ទទួលបានពីសប្បុរសជននានា គឺមជ្ឈមណ្ឌលជាតិផ្តល់ឈាម យកទៅជួយសង្គ្រោះអាយុជីវិត អ្នកជំងឺពិសេស អ្នកជំងឺដែល មាន ការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះ ដូង គ្រោះថ្នាក់ចរាចរណ៍ ករណីនៃការហូរ ឈាមមិនប្រក្រ តី នៅមុន និងក្រោយពេលសំរាលកូន ករណីជំងឺខ្សោយតំរង់នោម និងករណីនៃការព្យាបាលថែទាំ ជំងឺមហារីក។ល។ លោកវេជ្ជ បណ្ឌិត បញ្ជាក់ថា ការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ នៅកម្ពុជាបច្ចុប្បន្ននេះ មានចំនួនត្រឹមតែ ៣៥ភាគរយ ប៉ុណ្ណោះ ចំណែក៦៥ភាគរយទៀត ជាការដោះដូរអំណោយ ឈាម តាមរយៈសាច់ ញាតិអ្នកជំងឺបរិច្ចាគជំនួស។