ឯកឧត្តម សាយ សំអាល់ ណែនាំឱ្យយុវជនដាក់ចិត្តសិក្សាស្វែងយល់ និងបើកចិត្តឱ្យទូលាយរៀនសូត្រដើម្បីកែលម្អ និងទទួលយកចំណុចខ្លាំង

12 10 2017

នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែតុលានេះ បានជួបសំណេះសំណាល និងផ្តាំ ផ្ញើរដល់ក្រុមយុវជនចំនួន ៦៣នាក់ ដែលនឹងត្រូវធ្វើដំណើរទៅប្រទេសរុស្ស៊ី ប្រទេសចិន និងប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធី យុវជនដាច់ដោយឡែកពីគ្នា។ ក្រុមយុវជនទាំងបីនេះ នឹងទៅចូលក្នុងកម្មវិធីនាវាយុវជនអាស៊ី កម្មវិធីភាពជាអ្នកដឹកនាំ នៅប្រទេស ចិន និងកម្មវិធីវេទិកាអន្តរជាតិ លើកទី១៩ ស្តីពីយុវជន និងនិស្សិតនៅប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យយុវជន ត្រូវដាក់ចិត្ត និងបើកចិត្តឱ្យទូលាយរៀន សូត្រពីគ្រប់មជ្ឈដ្ឋាន ដោយឈរលើជំហរ សមត្ថភាពចំណេះដឹង ខ្លួនឯង ដើម្បីកែលម្អចំណុចខ្វះខាត របស់សង្គមជាតិ និងទទួលយកអ្វីដែល ជាចំណុចខ្លាំងរបស់បរទេស ហើយយុវជន ដែលជា សរសរទ្រូង របស់ប្រទេសជាតិ ត្រូវគិតឱ្យបានវែងឆ្ងាយ ស្វែងយល់បន្ថែមពីសង្គមបរទេស ហើយជាពិសេសត្រូវយល់ ពីឧត្តម ប្រយោជន៍ជាតិខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការបានទៅសិក្សាចូលរួមកម្មវិធីនៅបរទេសនេះ គឺជាឱកាសដ៏វិសេស មួយសម្រាប់ យុវជនកម្ពុជាបង្កើត ចំណងមិត្តភាព ជាមួយក្រុមយុវជន មកពីគ្រប់ទិសទី។ សម្រាប់បរិបទនាពេល បច្ចុប្បន្ន និងទៅទៅ អនាគត ឯកឧត្តម រដ្ឋមន្ត្រីបរិស្ថាន បានគូសបញ្ជាក់ថា “កម្ពុជាតូចមិនអាចឈ្នះគេ លើការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យ កម្ពុជា ខ្លាំង បានគឺការប្រើប្រាស់កម្លាំងប្រាជ្ញានិងគំនិត”។ បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា ការកសាងខ្លួនឯងឱ្យរឹងម៉ាំ ពង្រីកសមត្ថភាពចំណេះដឹង និងមានទំនាក់ទំនល្អ គឺជាការត្រៀមខ្លួនដើម្បីក្លាយជាសរសរទ្រូង របស់ប្រទេសជាតិ និងការជ្រោង ទង់កម្ពុជាលើឆាកអន្តរជាតិ៕