ឯកឧត្តម ប៉ាន សូរស័ក្ដិ អញ្ជើញបញ្ចុះបឋមសិលាកសាងអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងជួបសំណេះ​សំណាល​ជា​មួយ​មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តព្រៃវែង និងស្វាយរៀង

30​ 10 2017

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និង​បញ្ចុះបឋមសិលា កសាងអគារ​ រដ្ឋបាលថ្មីរបស់មន្ទីរ ពាណិជ្ជកម្មខេត្តព្រៃវែង និងជួបសំណេះសំណាល ជាមួយមន្ត្រីនៃមន្ទីរ ពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តព្រៃវែង។ នៅក្នុងថ្ងៃតែមួយនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើដំណើរទៅ ខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ដែលបំពេញការងារ នៅក្នុងខេត្តស្វាយរៀងផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រី នៅខេត្តទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផល មួយចំនួនរបស់ ក្រសួង ពាណិជ្ជកម្ម ដែលបានសម្រេចបាន កន្លងមករួមមាន៖ ការអនុម័តរបស់ព្រឹទ្ធសភា លើសេចក្ដីព្រាងច្បាប់ ឧបាស្រ័យ ពាណិជ្ជកម្ម ដែល​ចែង អំពីវិធានទប់ស្កាត់ ការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធន និងការនាំចូលដោយគំហុក ដែលអាចបង្កឲ្យខូច ឧស្សាហកម្មក្នុងស្រុក និងសេចក្ដីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋ ប្រជាមានិត ចិន ដែលមានគោល បំណងពង្រីកកិច្ចសហប្រតិបត្តិការ សមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន ឲ្យកាន់តែស៊ីជំរៅ ជាមួយ នឹងប្រទេសចិន តាមរយៈការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ជាមួយនេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីជំហរ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងគាំពារសុខមាលភាព និងសិទ្ធិប្រជាជនដែលជាអ្នកប្រើប្រាស់ ក៏ដូចជាការពារការ អនុវត្តសកម្មភាពធុរកិច្ច ដោយមិនស្មោះត្រង់ តាមរយៈការរៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗដទៃទៀតដូចជា ច្បាប់ស្ដីពីចំណី អាហារ ច្បាប់ ស្ដីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីការប្រកួតប្រជែង។ ក្រៅពីនេះទៀត ឯកឧត្តម ក៏បានលើកទឹកចិត្ត ឲ្យមន្ត្រីទាំងអស់ ប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនជាពិសេសជំនាញភាសាអង់គ្លេស និងជំនាញព័ត៌មានវិទ្យា ដើម្បី ចូលរួមការងារ របស់ស្ថាប័នខ្លួន ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមបានរំលឹកទៀតថា ការប្រឹង ប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើនធនធានមនុស្សនេះហើយ ដែលជាកត្តារួមផ្សំ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេស ចំណូល មធ្យមកម្រិតទាប និងអនុញ្ញាតឲ្យកម្ពុជាក្លាយខ្លួន ជាប្រធានសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការ ពាណិជ្ជកម្មពិភពលោក។ សម្រាប់ការងារ នៅពេលខាងមុខ ឯកឧត្តម បានជម្រាបជូនពីកាតព្វ​កិច្ចសំខាន់មួយទៀត របស់ ប្រទេសកម្ពុជា គឺការចូលរួមកិច្ចប្រជុំ តាម​ដានគោលនយោបាយពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្ម ពិភព​លោក ដែល ឯកឧត្តម នឹងដឹកនាំគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ចូលរួមនៅប្រទេសស្វីស នៅខែវិច្ឆិកាខាងមុខនេះ។ ការងារមួយទៀត គឺការចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្ម ពិភពលោក ដែលកម្ពុជា នឹងដើរតួយ៉ាងសំខាន់ផងដែរ មិនត្រឹម តែក្នុងនាមប្រទេសកម្ពុជា ខ្លួនឯងនោះទេ គឺជាតំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ នឹង ប្រព្រឹត្តទៅ នៅប្រទេសអាហ្សង់ទីន នៅខែធ្នូខាងមុខនេះ។