ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាគណៈអធិបតី ជាមួយ ឯកឧត្តម វ៉េង សាខុន បើកសម្ពោធវេទិកាថ្នាក់ជាតិលើកទី៤

08 11 2017

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុក បានបង្ហាញថា តម្រូវការដំឡូង មីសម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បី អភិវឌ្ឍន៍ចង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅ ឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។

“ប៉ុន្តែដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវធ្វើការវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយ រវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានាដូចជា ភាពទន់ខ្សោយខ្សែចង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀតទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមី ដែលជាកត្តារាំងស្ទះ ដល់ការលូតលាស់ នៃឧស្សាហកម្មដំឡូងមី នៅកម្ពុជា។ ”ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះ នាឱកាសអញ្ជើញ ជាគណៈអធិបតី ជាមួយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅក្នុងពិធីបើកសម្ពោធវេទិកាថ្នាក់ជាតិលើកទី៤ ស្តីពីជំរុញការលើកកម្ពស់ និងអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្មកម្ពុជា អមដោយទិវា ដំឡូងមីលើកទី២ និងពិធីតាំងបង្ហាញផលិតផលបន្លែ-ផ្លែឈើខ្មែរ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចូលរួម យ៉ាងច្រើនកុះករ ពីមន្ត្រីរដ្ឋាភិបាល ប្រជាកសិករ ពាណិជ្ជករ តំណាងសហគ្រាសធុនតូច និងមធ្យម និងដៃគូអភិវឌ្ឍន៍ប្រចាំ នៅ កម្ពុជា។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉េង សាខុន បានស្នើឲ្យមានការចូលរួម កាន់តែសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញ ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសធានាបាននិរន្តរភាព និងសុវត្ថិភាព ស្បៀង អាហារ នៅក្នុងប្រទេស និងការនាំចេញទីកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកកំណើនដាំដុះ និង សក្តានុពលដំឡូងមី ដែលជាដំណាំយុទ្ធសាស្ត្រ របស់កម្ពុជា ព្រមទាំងកត្តាប្រឈមជាមួយមួយចំនួន ដែលទាមទារឲ្យមាន គោល នយោបាយជាក់លាក់ និងស៊ីជម្រៅ ស្របតាមមូលដ្ឋាននៃការអភិវឌ្ឍបៃតង ដែលមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា គ្រឹះស្ថានអប់រំសិក្សាកសិកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន។ “កម្ពុជា គឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ លើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីពាក់ព័ន្ធតាមវិស័យនានា តម្រង់ឆ្ពោះ ទៅរកទីផ្សារក្នុងបណ្តាឆ្នាំកន្លងមក បានជួយជំរុញកំណើន នាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និង ពិភពលោក ក្នុងល្បឿនមួយគួជាទីមោទនៈ” ឯកឧត្តម វ៉េង សាខុន មានប្រសាសន៍។

យោងតាមទិន្ន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទីផ្សារនាំចេញផលិតផលដំឡូងមី ត្រូវបានពង្រីកពី ៤ប្រទេស (ថៃ វៀតណាម ចិន បារាំង) ក្នុងឆ្នាំ២០១៤ ទៅ ១៦ប្រទេស ក្នុងឆ្នាំ២០១៦ រួមមាន កាណាដា ចិន អង់គ្លេស ហ្វាំងឡង់ ឥណ្ឌា អ៊ីតាលី កូរ៉េ លីទុយអានី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហូឡង់ ញូវហ្សឺលែន កោះតៃវ៉ាន់ ថៃ អាមេរិក និងវៀតណាម។ ការនាំចេញ ផលិតផលដំឡូងមី (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញដំឡូងមី សម្រេចបានជាង ១,៨លានតោន៕