ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃសហភាពសហជីពចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

13 11 2017

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង បាន អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ នៃសហភាពសហជីពចិន ដឹកនាំដោយ លោក Jiao Kaihe អនុប្រធាន និងជាលេខាធិការ នៃ សហភាពសហជីពចិន (All-China Federation of Trade Unions) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ភាគីទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ពីគ្នាលើកការងារពាក់ព័ន្ធនឹងតួនាទី សហជីពក្នុងការចូលរួម ចំណែកអនុវត្តនូវគោល នយោបាយ របស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិប្រយោជន៍កម្មករនិយោជិត។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែង នូវការកោតសរសើរ ដល់សហភាពសហជីពចិន ដែលមានសមាជិក ជាសហជីពមូលដ្ឋានរហូតដល់ ប្រមាណ ២លាន៨សែន សហជីព បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចចិន។ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានស្នើសុំឱ្យ សហភាព សហជីពចិន បន្តកិច្ច សហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ក្នុងការបន្តនូវការចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក ជួយបណ្តុះបណ្តាលសមត្ថភាព ដល់សហជីពកម្ពុជា និងផ្តល់នូវការឧបត្ថម្ភគាំទ្រជាសម្ភារៈ ឬមធ្យោ បាយ ផ្សេងៗ ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងាររបស់សហជីពកម្ពុជា។ ជាការឆ្លើយតបសហភាព សហជីពចិន បានសំដែង នូវក្តីរីករាយ ចំពោះការបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហភាពសហព័ន្ធ សហជីពជាតិកម្ពុជា ព្រមទាំងទទួលយក នូវសំណូមពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី នឹងមានឱកាសអញ្ជើញ ទៅទស្សនកិច្ចនៅស្នាក់ការ សហភាពសហជីព ចិន ក្នុងពេលវេលាសមស្របណាមួយ។