ឯកឧត្តមបណ្ឌិត អុិត សំហេង អនុញ្ញាតឲ្យឯកឧត្តម ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បី កិច្ចសហប្រតិបត្តិការ អន្តរជាតិ សម្តែងការគួរសម និងពិភាក្សាការងារ

27 11 2017

នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន អនុញ្ញាតឲ្យឯកឧត្តម ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បី កិច្ចសហប្រតិបត្តិការ អន្តរជាតិ ដឹកនាំគណៈប្រតិភូ ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ លើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសហជីព។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា ចិនតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីសម័យព្រះបាទបរមរតនកោដិ សម្តេច នរោត្តម សីហនុ និងប្រមុខថ្នាក់ដឹកនាំចិនក្នុងសម័យនោះ បើគិត​មក​ដល់ពេលនេះគឺមានរយៈពេល៦០ឆ្នាំហើយ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលទាំងពីរ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីជីង ពីង ប្រមុខរដ្ឋចិន​ នៅតែថែរក្សាទំនាក់ទំនងនេះជានិរន្តរ៍ ដែលធ្វើឲ្យ​កម្ពុជា​-ចិន ឈាន​ ដល់ការទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ ទាំងលើឆាកជាតិ និងអន្តរជាតិ ពិសេសនាំមកនូវសមិទ្ធផល​ជាច្រើនរវាង ប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមសូមអរគុណចំពោះភាគីចិន ដែលបកន្លងមកបានគាំទ្រកម្ពុជា ចំពោះកិច្ចការអភិវឌ្ឍន៍ ពិសេសផ្តល់ការគាំទ្រ ចំពោះតម្លៃនៃសន្តិភាព សេរីភាព។ហើយ វត្តមានរបស់ ឯកឧត្តម ប៉េង យ៉ុង នៅកម្ពុជានាពេលនេះ គឺជា កិច្ចសហប្រតិបត្តិការមួយថ្មីទៀត ក្នុងការជួយរួមចំណែកដល់វិស័យអភិវឌ្ឍន៍ ចំពោះវិស័យការងារនៅម្ពុជា ឲ្យកាន់តែ ប្រសើរ​ឡើងពិសេស ទាក់ទង និងការបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាព ដល់សហជីពកម្ពុជា។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រចំពោះគោលនយោបាយ របស់រដ្ឋាភិបាលចិន ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។

ឯកឧត្តម ប៉េង យ៉ុង មានប្រសាន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជាចិននេះបានដក់ជាប់បេះដូងប្រជាជនចិនគ្រប់ៗគ្នា។ ឯកឧត្តម បន្តថា លោកដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញ របស់សម្ព័ន្ធសហជីពជាតិកម្ពុជា ហើយក៏និងមាន កិច្ចសហប្រតិបត្តិការលើ ការពង្រឹងធនធានមនុស្ស និងសមត្ថភាពដល់សហជីពកម្ពុជា ហើយគម្រោងនេះ និងចាប់ផ្តើមនៅឆ្នាំ ក្រោយ ដែលវានិងជាផ្នែកមួយ ក្នុងការគាំទ្រចំពោះវិស័យការងារនៅកម្ពុជា។ ឯកឧត្តម ប៉េង យ៉ុង បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការនេះ និងជាផ្លូវមួយជម្រុញដល់អ្នកវិនិយោគចិន ឲ្យមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ បច្ចុប្បន្ន មានអ្នកវិនិយោគចិន និងនិយោជិតជាច្រើន បានមកវិនិយោគ និងធ្វើការនៅកម្ពុជា ដូច្នេះកិច្ចសហប្រតិបត្តិការនេះ និងជម្រុញផងដែរឲ្យអ្នកវិនិយោគ និងនិយោជិតទាំងនោះគោរពទៅតាមលក្ខខណ្ឌ និងច្បាប់ការងាររបស់កម្ពុជា។ ជាមួយគ្នា នោះ ដែរ ឯកឧត្តមសូម ឲ្យមានការគាំទ្របន្ថែមទៀត ពីឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការគាំទ្រចំពោះផែនការបណ្តុះបណ្តាល សមត្ថភាព ធនធានមនុស្ស ដល់សហជីពរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ពិតជាសាទរចំពោះ ភាគីចិនដែលមានបំណងចង់ បណ្តុះបណ្តាល សមត្ថភាពដល់សហជីពកម្ពុជា ហើយឯកឧត្តមគាំទ្រ ចំពោះ ផែនការនេះ ព្រោះវាមិនត្រឹមតែបានពង្រឹងបន្ថែម នូវកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់ តែល្អ ជាងនោះប៉ុណ្ណោះទេ តែវាបានជួយពង្រឹង ដល់វិស័យការងារនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើន ជាងនេះបន្ថែមទៀត។