ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) បានចុះប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅរោងចក្រ

05​ 12 2017

នៅព្រឹកថ្ងៃអង្គារ​ ២រោច​ ខែមិគសិរ​ ឆ្នាំរកា នព្វស័ក​ ពុទ្ធសករាជ​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៥ ​ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រុមការងារ​​ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) បានចុះប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនអ្នកបើកបររថយន្ត ដឹកកម្មករនិយោជិត នៅរោងចក្រ​ CARLINGTON (CAMBODIA) CO.,LTD ស្ថិតនៅឃុំខ្នុរដំបង​ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ លុយ ឈីន អនុប្រធានក្រុមការងារ ស.ផ.ក តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស រួមជាមួយក្រុមការងារ និងបងប្អូនអ្នកបើកបររថយន្ត ដឹកកម្មករប្រមាណជាង ១០០នាក់ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំ ឡើងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់រថយន្តដឹកអ្នកដំណើរ ក្នុងការ ដឹកជញ្ជូនកម្មករ និយោជិត និងជម្រុញឲ្យអ្នកបើកបរ រថយន្តដឹកកម្មករ ធ្វើការផ្លាស់ប្តូរ ពីរថយន្តដឹកទំនិញ មកប្រើប្រាស់ រថយន្ត ដឹកអ្នកដំណើរ ជាមធ្យោបាយ ក្នុងការដឹកជញ្ជូនកម្មករនិយោជិត ឲ្យធានាបាននូវសុវត្ថិភាព លើការធ្វើដំណើរ របស់កម្មករនិយោជិត ក្នុងន័យរួមចំណែកទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិត នៅកំរិតអប្បបរមា។