អន្តរក្រសួងពិនិត្យ មើលលទ្ឋផល និងផែនការគម្រោង ស្តីពីប្រសិទ្ធភាពក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

10 01 2018

នៅថ្ងៃពុធ ទី ៩រោច ខែបុស្ស ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលសម្រាប់អនុវត្តន៍គម្រោង ស្តីពីប្រសិទ្ធភាព ក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង ត្រួតពិនិត្យការបំពុល ដែលរៀបចំឡើង ដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និង ក្រុមការងារទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់២ គឺ ១. ធ្វើការកែសម្រួលអនុក្រឹតលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក ដែលបង្កើតឡើងតាំងពី ឆ្នាំ១៩៩៩ ដើម្បីពិនិត្យឡើងវិញ និង បំពេញបន្ថែម ធានាបាននូវការគ្របដណ្តប់គ្រប់ជ្រុងជ្រោយ លើការត្រួតពិនិត្យការបំពុលទឹក ជាពិសេសសំណល់ រាវឧស្សាហកម្ម ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព មនុស្ស សត្វ និង ប្រពន្ធ័អេកូឡូស៊ីយើង ២. រៀបចំបង្កើតគោលការណ៍ណែនាំ វាយ តម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គម សម្រាប់វិស័យ សំខាន់ៗដូចជា ឧស្សាហកម្មធន់ធ្ងន់ តំបន់សេដ្ឋកិច្ចពិសេស និង វិស័យហេដ្ឋារចនា សម្ពន្ធ័ជាដើម។

ឯកឧត្តម អ៊ាង សុផ្លែត បាន កោតសរសើរ ចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក និងសូមអោយអង្គប្រជុំលើក យកមតិយោបល់ បញ្ហាប្រឈម និង អនុសាសន៍មកដាក់លើតុពិគ្រោះយោបល់នៅថ្ងៃនេះ ដើម្បីរួមគ្នាជួយតម្រង់ទិសគម្រោងនេះ អោយបានគ្រប់ជ្រុងជ្រោយ ឈានទៅ រកការអភិវឌ្ឍប្រកបដោយនិរន្តរភាព បរិស្ថាននាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំបន្ថែម ដល់ក្រុមការងារយកចិត្តទុកដាក់ លើការគ្រប់គ្រងគុណភាពទឹក តាមរយះសំណល់រាវ រោងចក្រ ឧស្សាហកម្មនានា ជាពិសេសអប់រំពីគុណតម្លៃ នៃកិច្ចគាំពារបរិស្ថាន ចំពោះសង្គម និងសេដ្ឋកិច្ច៕