កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងទាក់ទងនឹងកិច្ចគាំពារបរិស្ថាន

11 01 2018

ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរការ នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ខែមករាឆ្នាំ២០១៨ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA នៃក្រសួងបរិស្ថាន សហការជាមួយអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព (DPA) និងអង្គការ OXFAM បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពី « គំរូលក្ខខណ្ឌការងារគម្រោងអាជីវកម្មថ្មសំណង់ គម្រោងអាជីកម្ខ្សាច់សំណង់ និងដីល្បាយខ្សាច់ គម្រោងអភិវឌ្ឍន៍វិស័យដំណាំ កសិ-ឧស្សាហកម្ម គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ និងគម្រោងបង្កើតរោងចក្រ និងសិប្បកម្ម»។ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថាវត្តមានរបស់អ្នកចូលរួមដែលមកពីក្រសួង ស្ថាប័ន អង្គកការក្រៅរដ្ឋភិបាល ជាតិ និងអន្តរជាតិ និងអ្នកស្រាវជ្រាវ បានបង្ហាញពីសក្ខីភាពបញ្ជាក់នូវការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលជា ឧបករណ៍មួយដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិប្រកបដោយចីរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន ក្រសួងបរិស្ថាន បានពិនិត្យនិងផ្តល់យោបល់លលើ លក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនទីប្រឹក្សាសិក្សា និងសរសេររបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការចុះអង្កេតតាមដាន សកម្មភាពគម្រោងអភិឌ្ឍន៍ នានា និងជំរុញការអនុវត្តច្បាប់ ដែលបានចែង នៅក្នុងអនុក្រឹត្យ ប្រកាស គោលការណ៍ណែនាំ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗ។ ក្រៅពីនេះក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានEIA នៃអគ្គនាយកដ្ឋានគាំពារជាសេនាធិការបានខិតខំបន្តស្វែងរកជំនួយ និងសហការ ជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល ប្រទេសជាដៃគូនៅក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ ដើម្បីរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពង្រឹងសមត្ថភាពនិងផ្សព្វផ្សាយលើវិស័យនេះ ឱ្យបានកាន់តែទូលំទូលាយ ទូទាំងប្រទេស។ ជាក់ស្តែង នាយកដ្ឋានបានរៀបចំ សេចក្តីព្រាងគំរូលក្ខខណ្ឌការងារ (ToR) ចំនួន៥ សម្រាប់គម្រោង អាជីវកម្មថ្មសំណង់គ្រប់ប្រភេទ គម្រោងអាជីកខ្សាច់ សំណង់ និងដីល្បាយខ្សាច់គ្រប់ប្រភេទគម្រោង អភិវឌ្ឍន៍វិស័យដំណាំកសិ-ឧស្សាហកម្ម គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ និងគម្រោងបង្កើតរោងចក្រ និងសិប្បកម្ម ដោយមានការជួយគាំទ្រថវិការពីអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព (DPA) នាយកដ្ឋានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើគំរូក្ខខណ្ឌការងារ ទាំងនោះនាពេលនេះ។