លោកស្រីឯកអគ្គរដ្ឋទូតបារាំងថ្មីវាយតម្លៃខ្ពស់​ ចំពោះក្រសួងលើការដឹកនាំវិស័យបរិស្ថានកម្ពុជា

16​ 01 2018

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋបារាំងថ្មី​ ប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមខណៈដែលលោកស្រី ទើបតែត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតបារាំងថ្មី។
ជំនួបនេះ ភាគីបារាំង មានបំណងស្វែងយល់ ពីទស្សនៈវិស័យស្តីពីវិស័យបរិស្ថាន និងវឌ្ឍនភាពនៃវិស័យបរិស្ថានកម្ពុជា។

ថ្លែងក្នុងជំនួប នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី លើកឡើង អំពីសមិទ្ធផលដែលក្រសួងបរិស្ថាន បានសម្រេចក្នុងរយៈពេល ៤ឆ្នាំនៃអាណត្តិ ទី៥ កន្លងមកនេះ និងកិច្ចការងារដែលក្រសួង បាននិងកំពុងប្រឹងប្រែងពុះពារ ដោះស្រាយលើបញ្ហាប្រឈមមួយ ចំនួនដែលកំពុងជួបប្រទះ ឱ្យប្រសើរ ឡើង ដើម្បីឈានទៅដល់ការសម្រេចគោលដៅ។ បន្ថែមពីនេះ ទស្សនៈវិស័យយូរអង្វែង របស់ក្រសួងដែលបានដាក់ចេញ ក៏ត្រូវបានលើកឡើង ក្នុងជំនួប ដែលមានរយៈពេល១ម៉ោងផងដែរ។

ក្រោយជំនួបប្រកប ដោយភាពស្និទស្នាល លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ក្រសួងបរិស្ថាន ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលកន្លងមក និងទៅអនាគត៕