សហព័ទ្ធ​កីឡាហែលទឹក​បង្ហើប​យុទ្ធសាស្ត្រ​ថ្មីដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

16-01-18

ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ ​កីឡាហែលទឹក​កម្ពុជា​ ឲ្យ​មាន​សក្ដានុពល និង​មាន​សមត្ថភាព ​គ្រប់គ្រាន់ ដើម្បី​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ កីឡា​ស៊ី​ហ្គេម ​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ សហព័ន្ធ​ខ្មែរ​កីឡា​ ហែល​ទឹក​ស្ម័គ្រចិត្ត ​បាន​បន្ថែម​យុទ្ធសាស្ត្រ​ថ្មី​ មួយទៀត គឺ​ការពង្រីក​គម្រោង​សាងសង់ ​អាង​ហែល​ទឹក ​តាម​បណ្ដា​ខេត្ត និង​បង្កើន​ការប្រកួត ​ឲ្យ​បាន​ច្រើន​ ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​ចម្រាញ់​រក​អ្នកមាន ​សមត្ថភាព និង​ទេពកោសល្យ ​ពិតប្រាកដ។

ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត ​កីឡាហែលទឹក​ ដណ្ដើម​ពាន​រង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​៣  នៅ​មណ្ឌល​​ហែល​ទឹក ​តេ​ជោ សែន ខេត្ត​កំពង់ចាម​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្ដម  ស៊ុន  ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ ដឹកជញ្ជូន  និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​ កីឡាហែលទឹកបាន​មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​គោលដៅ​ នៅ​ឆ្នាំ​២០២៣ ចាំបាច់​សហព័ន្ធ ​ត្រូវ​ខិតខំ​បង្កើត​អាង​ហែល​ទឹក​បន្ថែម តាម​ការ​គៀង​គរ ​ស្វែងរក​ជំនួយ ​សប្បុរសធម៌​ផ្សេងៗ សម្រាប់​អភិវឌ្ឍន៍​ ប្រភេទ​កីឡា​អូឡាំពិក ​មួយ​នេះ។​ ឯកឧត្ដម ​រដ្ឋមន្ត្រី​ បន្ត​ថា ការ​កកើត​ នៃ​អាង​ហែល​ទឹក​ តាម​បណ្ដា​ខេត្ត ក៏​ជា​ឱកាស​ នៃ​ការ​បង្កើត​ធនធាន ​អត្តពលិក​ឆ្នើម​ផង​ដែរ។ បន្ទាប់ពី​មាន​អាង​ហែល​ទឹក​ តាម​ខេត្ត សហព័ន្ធ​រៀបចំ​ ការប្រកួត​ឲ្យ​បាន​កាន់​តែ​ច្រើន ក្រោយ​មក​ទើប​ជ្រើសរើស ​អ្នកមាន​សមត្ថភាព​ មក​ប្រមូលផ្ដុំ​ថ្នាក់​ជាតិ ដើម្បី​ប្រកួតប្រជែង​ស្វែងរក ​អត្ត​ព​លិ​ក​កម្រិត​ខ្ពស់ ឈាន​ទៅ​ចូលរួម ​ការប្រកួត​ថ្នាក់​តំបន់ និង​ព្រឹត្តិការណ៍​ អន្តរជាតិ​ផ្សេងៗ ពិសេស​គឺ​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ តែម្ដង។

បន្ថែម​លើស​ពី​នេះ ​ប្រធាន​សហព័ន្ធ​ដដែល ក៏បាន​ក្រើន​រំ​ឮ​ក ​ដល់​កីឡាករ​-​កីឡា​ការិនី  ក្នុង​ខេត្ត​កំពង់ចាម  ដែល​​មាន​ អាង​ហែល​ទឹក​ស្តង់ដារ ​អន្តរជាតិ និង​ជា​កន្លែង​ប្រមូលផ្ដុំ​ ដោយ​អតីត​កីឡាករ​-​កីឡា​ការិនី​ឆ្នើម​ៗ ត្រូវ​ខិត ​ខំ​ហ្វឹកហាត់ ​ឲ្យ​បាន​កាន់​ខ្លាំង ដើម្បី​ត្រៀម​ដណ្ដើម​មេដាយ ​លើ​ឆាក​អន្តរជាតិ ជូន​ប្រទេសជាតិ​កម្ពុជា ដែល​ជា​ការ​តបស្នង ចំពោះ​ការ​យក​ចិត្ត​ទុក​ ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ជំរុញ​ការ ​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ​គ្រប់​ប្រភេទ។​

គួរ​បញ្ជាក់​ដែរ​ថា សម្រាប់​ការប្រកួត​កីឡា ហែលទឹក​ដណ្ដើម​ពាន​រង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​៣ គឺ​មាន​កីឡាករ​-​កីឡា​ការិនី ភាគច្រើន​ជា​អត្ត​ព​លិ​ក ​វ័យក្មេង​ចំនួន ១២០​នាក់​មកពី ៨​ក្លឹប​-​សមាគម បាន​ចូលរួម​ប្រកួត​លើ ២៩​វិញ្ញាសា នៅ​មណ្ឌល​ហែល​ទឹក តេ​ជោ សែន នា​ខេត្ត​កំពង់ចាម ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ៕