ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ជាមួយនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន

24 01 2018

នារសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ជាមួយនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់៣ គឺ ១. ប្រមូលធាតុចូល ការងារដែលអនុវត្តកន្លងមក និងបញ្ហាប្រឈមនានា ទាក់ទងទៅហ្នឹង ភារកិច្ចស្នូលរបស់នាយកដ្ឋានក្នុងការតាមដានគុណភាពទឹក សាធារណៈដូចជា ទន្លេ ស្ទឹង បឹងបួ ជាដើម ២.ណែនាំឱ្យនាយកដ្ឋាន ធ្វើសុក្រិតកម្ម​ និងទំនើបកម្មការគ្រប់គ្រងសំណល់ រាវបង្ហូរពីតាមរោងចក្រ និងតំបន់អភិវឌ្ឍន៍នានាទូទាំងប្រទេស ដោយឈរលើគោលការណ៍ បច្ចេកទេសផង និងដំណោះស្រាយជាបន្ទាន់ផង ៣.ពន្លឿនការរៀបចំសមាសភាព ក្រុមការងារអន្តរក្រសួង សម្រាប់គម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនា សម្ពន្ធ័លូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកង្វក់ ឆ្លើយតបតាមប្រការ ៦ នៃស.ជ.ណ លេខ ១២១៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានណែនាំមន្រ្តីបន្ថែម ពង្រឹងការងាររបស់ខ្លួន រួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន៕