ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Meir Shlomo ឯកអគ្គរដ្ឋទូតនៃរដ្ឋអីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ធាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម

24 01 2018

នៅវេលាម៉ោង៤:០០ រសៀល ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Meir Shlomo ឯកអគ្គរដ្ឋទូត នៃរដ្ឋអីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ធាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងការវិនិយោគលើវិស័យកសិកម្ម របស់អីស្រាអែលនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេស ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក ហើយឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ បានរឹតបន្តឹងមួយកម្រិតទៀត ចាប់តាំងពីការធ្វើទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូរបស់ក្រសួង ទៅកាន់ប្រទេសអីស្រាអែលកាលពីឆ្នាំ២០១៦។ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានឆ្លុះបញ្ចាំងតាមរយៈការបង្កើន នូវចំនួននិស្សិតចុះធ្វើកម្មសិក្សា នៅប្រទេសអីស្រាអែលពី ៣២៥នាក់ នៅឆ្នាំ២០១៦ មក ៤០០ នាក់ក្នុងឆ្នាំ២០១៧។ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតបានរាយការណ៍ អំពីវឌ្ឍនភាព នៃគម្រោងបង្កើតកសិកម្មបច្ចេកទេស គំរូនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏មានផែន ការបង្កើតគម្រោងថ្មីៗ ចំនួនពីរបន្ថែមទៀតផងដែរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអីស្រាអែលដែលបានជួយ និងបន្តគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាតាមរយៈការផ្តល់ឱកាស ដល់និស្សិតពីកម្ពុជាចំនួនសរុប ៥១៨ នាក់បានទៅចូលរួមចុះកម្មសិក្សា នៅប្រទេសអីស្រាអែលនៅឆ្នាំ ២០១៦ និង ២០១៧ និងជាមួយនឹងការបង្កើតមជ្ឈមណ្ឌល បច្ចេកទេសកសិកម្មគំរូលើការដាំដុះដំណាំ ការថែទាំ ការប្រមូលផល ការវេចខ្ចប់កសិផលប្រកបដោយគុណភាព និងសុវត្ថិភាព នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងឧបករណ៍មួយចំនួន ដើម្បីបង្កើន សមត្ថភាពនិស្សិតកសិកម្មកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដែលអាចមានលទ្ធភាព ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពពិធភាវូបនីកម្ម កសិកម្ម ពាណិជ្ជូបនីយកម្ម និងការធ្វើទំនើបកម្មកសិកម្មកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី មានក្តីសង្ឃឹមថាកិច្ចសហ ប្រតិបត្តិការរដ៏ល្អនេះ​ រវាងភាគីទាំងពីរ នឹងត្រូវបានពង្រឹងនិងបន្តរីកធំធាត់បន្ថែមទៀត ដែលអាចឈាន ទៅដល់ការទាក់ទាញការវិនិយោគិនពីប្រទេសអីស្រាអែល លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កែរឆ្នៃផលិតផលកសិកម្មកម្ពុជា ប្រកបដោយគុណភាព និងសុវត្ថិភាពត្រូវនិងតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។