ពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd

01​ 02 2018

នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd ដោយមាន​ការអញ្ជើញចូលរួមផងដែរ​ ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល មួយចំនួនទៀត។
ជារួមខ្លឹមសារនៃ MOU នេះគឺមានគោលបំណង ពង្រឹងកិច្ចសហការលើការអនុវត្តផែនការ សកម្មភាពនៃគម្រោងនាំចេញ សាច់ត្រីប្រាក្លាស្សេ (ហ្វីឡេ) និងផលិតផលស្វាយ ទៅកាន់ប្រទេសចិន ឲ្យបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា លទ្ធផលនាថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលដឹកនាំប្រទេសប្រកប ដោយឆន្ទៈ និងគតិបណ្ឌិត ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្ទាល់ ក្នុងការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ចិត្ត ពុះពារបាននូវរាល់បញ្ហាធ្វើយ៉ាងណា នាំយកកសិផលកម្ពុជា ទៅកាន់ទីផ្សារ អន្តរជាតិ។ សមិទ្ធផលនាថ្ងៃនេះទៀតសោធន៍ ក៏បានមកពីការជឿជាក់ ទុកចិត្តលើការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហេតុផលនេះក្រុមហ៊ុន បានចុះទុនវិនិយោគចំពេល ដែលផលិតផលត្រី ក៏ដូចជាផលិតផលស្វាយ របស់ប្រជាកសិករ ត្រូវការទីផ្សារនាំចេញ ហើយក៏ជាឱកាសយ៉ាងប្រពៃ សម្រាប់ប្រជាពលរដ្ឋ នៅមូលដ្ឋានទទួលបានការងារធ្វើ មានប្រាក់ចំណូល ក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រសមស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។