ក្រសួងបរិស្ថាន បានរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់អភិរក្សសត្វខ្សឹបដើម្បីប្រារព្ធទិវាដីសើម

01 02 2018

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្ស តំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំដំណើរទស្សនកិច្ច ទៅកាន់តំបន់ការពារ ទេសភាពទំនាបខាងជើង បឹងទន្លេសាប ដែលជាតំបន់អភិរក្ស សត្វខ្សឹប ដែលមាន ទីតាំងស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយ នៃការរៀបចំទិវាតំបន់ដីសើម ពិភពលោក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងគោលបំណង ១. បង្ហាញពីសក្តានុពល លើវិស័យទេសចរណ៍ធម្មជាតិ នៃតំបន់ការពារទេសភាពទំនាបខាងជើង បឹងទន្លេសាប ២. បង្ហាញពីវត្តមានប្រភេទសត្វខ្សឹប និងប្រភេទសត្វសំខាន់ៗ ផ្សេងដូចជា៖ រនាលពណ៌ អកខ្មៅដីសើម ត្រដក់ធំ ត្រដក់តូច ទុងប្រផេះ ត្រយ៉ងចំកំកស ត្រយ៉ងខ្លួនរលោង ត្រយ៉ងខ្លួនស និងសត្វចាបដូនតា។ល។ និង ៣. បង្ហាញពីអត្ថប្រយោជន៍ នៃតំបន់វាលស្មៅែ ដលប្រជា ពលរដ្ឋបាន និងកំពុងអាស្រ័យផល ជាលក្ខណៈគ្រួសារ ៕