FIFA ជ្រើសយកកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់ខ្លួន

09 02 2018

សហព័ន្ធកីឡា បាល់ទាត់ពិភពលោក (FIFA) នឹងរៀបចំ កិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈនេះ ដោយមានការចូលរួមពី លោក Gianni Infantino ប្រធាន FIFA និងមន្រ្ដីសហព័ន្ធបាល់ទាត់ នៃបណ្ដាប្រទេសជាង ២០ផ្សេងទៀត។

ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងប្រាប់ឲ្យដឹងនៅក្រោយការមក ដល់នៃលោកnfantinoនាល្ងាចថ្ងៃទី៨ខែកុម្ភៈនេះថា មានមូលហេតុ២ដែលធ្វើឲ្យសហព័ន្ធកីឡា បាល់ទាត់ ពិភពលោក មកប្រជុំ នៅកម្ពុជា គឺទី១ ដោយសារ កម្ពុជា ជាប្រទេស មានសុខសុវត្ថិភាព និងដោយសារ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានទំនាក់ទំនងល្អជាមួយ FIFA។

ឯកឧត្តម ខៀវ សាម៉េត បញ្ជាក់ថា មានប្រទេសច្រើនណាស់ដែលចង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ព្រោះ ជាកិត្តិយសដ៏ធំរបស់ប្រទេសនីមួយៗ។ឯកឧត្តមថាកម្ពុជាជាប្រទេសទី២ នៅអាស៊ានបន្ទាប់ពីសិង្ហបុរី ដែល ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដូចគ្នានេះ កាលពីឆ្នាំ២០១៦។ ឯកឧត្តម ខៀវ សាម៉េត បានបញ្ជាក់យ៉ាងខ្លីថា កិច្ច  ប្រជុំរបស់FIFA នេះគឺផ្ដោតជាចម្បងលើការអភិវឌ្ឍបាល់ទាត់ដូចទៅអ្វីដែលកម្ពុជាត្រូវការ ។ លោកបញ្ជាក់ ថា FFC បានបង្កើតសាលាបាល់ទាត់បានទូទាំង២៥ ខេត្ត-រាជធានីទូទាំងប្រទេសដើម្បីអភិវឌ្ឍបាល់ទាត់ ដែលប្រភពចំណូលដ៏ធំ គឺបានមកពី FIFA។

ឯកឧត្តម អនុប្រធានកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ច ប្រជុំនេះ គឺទី១កម្ពុជាទទួលបានកិត្តិយសដែលអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏ធំបែបនេះ ទី២គឺ FFC អាច បង្កើតទំនាក់ទំនង ជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រទេសជាច្រើនទៀត ដែលមិនធ្លាប់ទាក់ទងគ្នាពីមុនមក ដូចជាប្រទេសនៅអាហ្រ្វិក និងប្រទេសនៅឆ្ងាយៗជាច្រើនទៀត។ ផលប្រយោជន៍ធំមួយទៀតគឺ FFC អាច លើកយកបញ្ហាដែលជួបប្រទះកន្លងមកយកមកដោះស្រាយនៅក្នុងកិច្ចប្រជុំនេះ៕