ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះទៅពិនិត្យកសិដ្ឋាន​ ដំណាំខ្ពង់រាបចំការលើ និងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៅស្រុកចំការលើ ខេត្តកំពង់ចាម

09 02 2018

នៅរសៀលថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម បានអញ្ជើញចុះទៅពិនិត្យកសិដ្ឋាន​ ដំណាំខ្ពង់រាបចំការលើ និងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៅស្រុកចំការលើ ខេត្តកំពង់ចាម។ កសិដ្ឋាននេះបានទទួលជំនួយឧបត្ថម្ភថវិកាពីសាធារណៈរដ្ឋប្រជាជនចិនតាមរយៈគម្រោងស្តីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្មកម្ពុជា-ចិន។ ដោយឡែកមជ្ឈមណ្ឌលសេវាកម្ម កសិកម្មអភិរក្ស បានទទួលការគាំទ្រថវិកា​ ពីរាជរដ្ឋាភិបាល និងអង្គការ AFD, USAID, Feed the Future, វិទ្យាស្ថាន CIRAD។
ក្រោយពីពិនិត្យឃើញស្ថានភាព ជារួម និងសកម្មភាពការងារ នៅនឹងកន្លែងផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី ឲ្យយកចិត្តទុកដាក់ លើការងារបចេ្ចកទេស ការងារផ្សព្វផ្សាយបចេ្ចកវិទ្យា និងពូជដំណាំ ដល់ប្រជាកសិករ។ ជំរុញ និងបង្កើនស្មារតីទទួលខុសត្រូវ លើការសាងសង់អគារឃ្លាំងស្តុក គ្រាប់ពូជឲ្យមានគុណភាព ស្តង់ដារត្រឹមត្រូវ និងឲ្យបានរួចរាល់បានទាន់ពេលវេលា។ មន្រ្តីជំនាញត្រូវខិតខំ សិក្សាស្រាវជ្រាវ លើការអនុវត្តបចេ្ចកវិទ្យាថ្មី ពូជដំណាំថ្មីដែលសមស្រប ទៅតាមក្សេត្របរិស្ថាន គុណភាពដីនៅតំបន់នេះ និងជាពិសេសសមស្រប តាមតម្រូវការទីផ្សារ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។ កែប្រែកសិដ្ឋាននិងមជ្ឈមណ្ឌលនេះ ឲ្យក្លាយជាគំរូដល់កសិករ ក្នុងការងារផ្សព្វផ្សាយពូជនិងបច្ចេកទេស កសិកម្មនាពេលអនាគត។