រាជរដ្ឋាភិបាល បង្កើតគណៈវិស្វករកម្ពុជា ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរដល់វិស្វករ និងរួមចំណែកថែរក្សាលើកស្ទួយអត្តសញ្ញាណជាតិ

26 02 2018

ឯកឧត្តម អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈវិស្វករកម្ពុជាឡើង ដើម្បីប្រមូលផ្តុំនិងគ្រប់គ្រង វិស្វករទូទាំងប្រទេស មកចុះបញ្ជី នៅគណៈវិស្វករកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលបង្កើន សមត្ថភាពបច្ចេកទេស គ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ឲ្យមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យវិជ្ជាជីវៈវិស្វកម្មកាន់តែល្អ ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ ដល់វិស្វករ និងរួមចំណែកថែរក្សា លើកស្ទួយអត្តសញ្ញាណជាតិ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា មានប្រសាសន៍ លើកឡើងបែបនេះ នាឳកាសដឹកនាំកិច្ចប្រជុំលើកដំបូង ជាមួយក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាថ្ងៃ ច័ន្ទ ១២ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបញ្ជាក់ថា វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ត្រូវតែមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលជាបុព្វលក្ខខ័ណ្ឌ ព្រោះបើមិនមកចុះបញ្ជី បានន័យថា វិស្វករនោះមិនអាចទទួលគោរមងារ ជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបានទេ ព្រោះមានតែស្ថាប័ន គណៈវិស្វករកម្ពុជានេះទេ ដែលអាចផ្តល់គោរមងារ ជាវិស្វករអាជីព ដែលច្បាប់ ផ្តល់សិទ្ធិឲ្យជាធរមាន។ ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជា ក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែម ជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបន្ថែមទៀត។

ក្នុងពេលបច្ចុប្បន្ន គណៈវិស្វករកម្ពុជាបានកែសម្រួលសមាសភាព ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាឡើងវិញ តាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១២៧៥ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានឯកឧត្តម អ៊ិត សំហេង ជាប្រធាន និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សា គណៈវិស្វករកម្ពុជា ដែលត្រូវទទួលខុសត្រូវ ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយសដ៏ខ្ពង់ខ្ពស់ នៃគណៈវិស្វករកម្ពុជា ហើយមានតួនាទីសំខាន់ដូចខាងក្រោម៖

- អនុម័តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់គណៈវិស្វករកម្ពុជា
- តាមដានត្រួតពិនិត្យដំណើរ ការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា
- ផ្តល់យោបល់ ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា
- សម្របសម្រួល និងដោះស្រាយវិវាទផ្សេងៗ របស់គណៈវិស្វករកម្ពុជា
- ផ្តល់យោបល់ ក្នុងការចុះបញ្ជីវិស្វករអាជីពជាតិ និងអន្តរជាតិ ការលើកទឹកចិត្ត និងដាក់ពិន័យ។

ភារកិច្ចមួយទៀត ជាការចាំបាច់ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ត្រូវប្រជុំយ៉ាងតិចក្នុងមួយឆ្នាំម្ដង។ ក្នុងករណីចាំបាច់ ប្រធានអាចកោះប្រជុំ វិសាមញ្ញបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរមួយចំនួន ដល់សមាជិក សមាជិកា នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដូចមានខាងក្រោម៖

 - ត្រូវយកចិត្តទុកដាក់នូវភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការជួយជំរុញឲ្យគណៈវិស្វករកម្ពុជា ប្រព្រឹត្តទៅដោយរលូន និងជួយដោះស្រាយ នូវសំណូមពរចាំបាច់ទាំងឡាយ របស់អង្គភាពប្រតិបត្តិនេះ ក្នុងនោះរួមមាន៖

- ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបញ្ជូនមន្រ្តីមានបទពិសោធន៍ ខាងវិស័យជំនាញវិស្វកម្ម មកចូលរួមក្នុងសមាសភាព ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមមេត្តាជួយបង្កលក្ខណៈងាយស្រួលក្នុងការអញ្ជើញ ចូលរួមប្រជុំ ក្នុងក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមេត្តាជួយសម្រួល ដល់មន្រ្តីទាំងនោះ ដែលត្រូវចូលរួមវាយតម្លៃ សម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករ អាជីពឆ្នើមអាស៊ាន
- អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលបញ្ជូនវិស្វករ ដើម្បីបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ត្រូវជ្រើសរើសវិស្វករអាជីព និងវិស្វករចុះបញ្ជី ដើម្បីបង្កើតក្រុមប្រឹក្សារាជធានី-ខេត្តរបស់ខ្លួន (បញ្ជាក់កន្លងមកខេត្តមួយចំនួន បានបញ្ជូនវិស្វករ ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សា គណៈវិស្វកររាជធានី-ខេត្ត ដោយវិស្វករទាំងនោះ ដែលមិនទាន់បានមកចុះបញ្ជី នៅគណៈ វិស្វករកម្ពុជាផង)។ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ របស់គណៈវិស្វករកម្ពុជា និងក្នុងនាម ឯកឧត្តម រដ្ឋមន្ត្រី ផ្ទាល់ជាប្រធានក្រុមប្រឹក្សាគណៈ វិស្វករកម្ពុជា ឯកឧតុ្តមបានកោតសរសើរ ដល់គណៈវិស្វករកម្ពុជា ដែលបាន ខិតខំបំពេញភារកិច្ច របស់ខ្លួនកន្លងមក ប្រកបដោយផ្លែផ្កា ក្នុងនោះបានទទួលវិស្វករ ចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានចំនួនៈ ៣០៤៥នាក់។
ចំពោការងារ និងទិសដៅដែលត្រូវអនុវត្ត នៅពេលខាងមុខ របស់គណៈវិស្វករកម្ពុជា រួមមាន៖
- កែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបង្កើតលិខិតបទដ្ឋានផ្សេងៗ ដើម្បីសម្របសម្រួល ក្នុងការធ្វើ សមាហរណកម្មអាស៊ាន
- រៀបចំនីតិវិធី ក្នុងការវាយតម្លៃវិស្វករតាមស្តង់ដារអាស៊ាន និងនីតិវិធីវាយតម្លៃ ដើម្បីឲ្យមានការទទួលស្គាល់វិស្វករបរទេស
- កសាងឯកសារគតិយុត្ត វិស្វកម្មឲ្យមានលក្ខណៈសមស្រប ទៅនឹងឯកសារ ដែលប្រើប្រាស់ក្នុងអាស៊ាន
- ជំរុញឲ្យវិស្វករជាតិ ចូលរួមជាអតិបរមា ក្នុងសន្និសីទ និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឲ្យ ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ បន្ថែមទៀត
- ត្រៀមបើកវគ្គបណ្តុះបណ្តាល ដែលទាក់ទងទៅ នឹងវិស័យវិស្វកម្ម តាមផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិល ដែលបានគ្រោងទុក
- ត្រៀមរៀបចំកិច្ចប្រជុំ របស់ក្រុមប្រឹក្សា គណៈវិស្វករកម្ពុជាអាណត្តិទី២
- ជំរុញការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់វិស្វករជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវៈវិស្វកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមកបំពេញបែបបទ សុំចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា ដើម្បីឲ្យស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា
- ជំរុញការចុះបញ្ជីយុវវិស្វករអាស៊ាន និងវិស្វករអាស៊ាន ឲ្យបានច្រើនទៅតាមការគ្រោងទុក
- ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការចុះបញ្ជីវិស្វករជាតិ វិស្វករបរទេស នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងព្រះរាជាណាចក្រកម្ពុជា
- ចុះបង្កើតក្រុមប្រឹក្សា គណៈវិស្វកររាជធានី ខេត្ត ឲ្យបានសម្រេច ទៅតាមផែនការ ដែលបានគ្រោងទុក
- ជំរុញការចុះបញ្ជីវិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឲ្យបានចំនួនច្រើនបន្ថែមទៀត។