កិច្ចប្រជុំបូកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ " យានដ្ឋានដែលគ្មានច្បាប់ គឺត្រូវបិទតាមច្បាប់កំណត់ ហើយការត្រួតពិនិត្យយានយន្តដឹកទំនិញ ត្រូវរឹតបន្តឹង "

27​ 02 2018

ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ​ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូក សរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការ និងអនុគណកម្មការ និងអគ្គលេខាធិការ និងលេខាធិការដ្ឋាន នៃគណកម្មាធិការ។

កិច្ចប្រជុំបានពិភាក្សា លើសេចក្តីព្រាង របាយការណ៍ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ ដែលចងក្រង ដោយគណៈកម្មាធិការ។ របាយការណ៍នេះ ផ្តោត សំខាន់ទៅលើបញ្ហាចំបងនានា ទាក់ទងនឹងការតាក់តែង លិខិតបទដ្ឋាន ការផ្សព្វផ្សាយ អប់រំច្បាប់ និង ឯកទេសជំនាញ លទ្ធផលត្រួតពិនិត្យ រឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្ម របស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត។

យោងតាមរបាយការណ៍នេះ ឯកឧត្តមទេស រដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា៖ គ្រោះថ្នាក់ចរាចរណ៍ខែ មករា-កុម្ភៈ ឆ្នាំ២០១៨ បានកើតឡើង ចំនួន៥២៩លើក បណ្តាលឱ្យស្លាប់ចំនួន ១៦៨នាក់ និងរបួសចំនួន ៧៤៤នាក់ ជាមធ្យមជនរងគ្រោះស្លាប់ ក្នុងមួយថ្ងៃចំនួន ៥.៦នាក់ និងរបួសចំនួន ១៣.៥នាក់ ប្រៀបធៀប នឹងខែមករា-កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់បានថយចុះ ចំនួន ៨១លើក ស្មើនឹង១៣%។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ត្រី ក្រោមឱវាទត្រូវពិនិត្យ នីតិវិធីចេញប័ណ្ណបើកបរ ឡើងវិញឱ្យបានត្រឹមត្រូវ ដែលជាដើម ចងមួយធ្វើអោយមាន គ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បាន ស្នើសុំអោយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួត ពិនិត្យយានយន្តដឹកជញ្ជូន តាមដងផ្លូវ រឹតបន្តឹងការត្រួតពិនិត្យ វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ និងបណ្ណសម្គាល់ យានយន្ត ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏ណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានីខេត្ត ទាំងអស់ត្រូវអនុវត្ត នីតិវិធីបិទ យានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលប្រភពនៃការកែច្នៃយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ នាំឱ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើការរៀបចំលិខិតបទដ្ឋាន ដែលតម្រូវអោយ យានយន្តដឹកទំនិញ និងរថយន្តធុនធំ ត្រូវមានបិទចំណាំង ផ្លាតសុវត្ថិភាព ( ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដើម្បី ការពារអាយុជីវិត អ្នកបើកបរពេលយប់ ពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើង ជាយថាហេតុ។

ជាទីបញ្ចប់ ឯកឧត្តមទេស រដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះសមាជិក សមាជិកា គណៈកម្មាធិការ ក៏ដូចជាក្រុមការងារ ត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ដែល បានខិតខំប្រឹងប្រែង អនុវត្តការងារ ប្រកប ដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្ត ឲ្យក្រុម ការងារខិតខំប្រឹងប្រែង ការងារបន្តទៀត ដើម្បីកម្ពុជាគ្មានរថយយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់កម្រិតកំណត់៕