កិច្ចពិភក្សាលើហិរញ្ញវត្ថុ ទិន្នន័យ ការអភិវឌ្ឍសមត្ថភាព សម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅទីក្រុង

08 03 2018

នៅក្នុងកម្មវិធីជាបន្តបន្ទាប់ នៃសិក្ខាសាលាជាន់ខ្ពស់ លើកទី៩ ស្តីពីនិរន្តរភាពទីក្រុង ដែលកម្ពុជាជាម្ចាស់ផ្ទះ រៀបចំ នៅខេត្តសៀមរាប នៅក្រោម ក្របខណ្ឌកិច្ចប្រជុំកំពូល របស់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ អ្នកចូលរួមមក ពីតំណាង ប្រទេសចំនួន១៨ប្រទេស រួមទាំងដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងផ្នែកឯកជន បានពិភាក្សាគ្នាលើ ប្រធានបទ “ ហិរញ្ញវត្ថុ ទិន្នន័យ ការអភិវឌ្ឍសមត្ថភាព សម្រាប់អនុវត្ត គោលដៅអភិវឌ្ឍន៍ ដោយចីរភាពនៅទីក្រុង “ ។ វេទិកានេះដឹកនាំ លោក Curt Garrigan អគ្គនាយក បរិស្ថាន និងការអភិវឌ្ឍ UNESAP និងមានវាគ្មិនមក ពីប្រទេសសឹង្ហបូរី ហ្វីលីពីន និង JICA-កម្ពុជា។ កិច្ចពិភាក្សាបាន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រួមមាន៖
ក.កម្ពុជាអនុវត្ត គោលនយោបាយ ឧស្សាហកម្ម លើកកម្ពស់គុណភាពជីវិត និងនិរន្តរភាពសង្គម តាមរយៈពង្រឹងអភិបាលកិច្ច ( គុណភាព ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ការអភិវឌ្ឍទឹកស្អាត និងប្រព័ន្ធលូទឹកស្អុយ )
ខ.ការផ្សារភ្ជាប់គោលដៅអភិវឌ្ឍន៍ ដោយចីរភាពសហប្រជាជាតិ និងផែនការអភិឌ្ឍន៍ ប្រទេសហ្វីលីពីន ( ផែនការសកម្មភាព ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ ការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិ និរន្តរភាពប្រព័ន្ធអេកូឡូស៊ី និងប្រសិទ្ធភាព នៃការអភិបាលកិច្ចការពារបរិស្ថាន )
គ.២០ឆ្នាំនៃផែនការមេ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទីក្រុង San Carlos  ( ការចូលរួមនិងសិទ្ធិសហគមន៍ សម្ព័ន្ធភាពដៃគូ ជាមួយរដ្ឋបាល ក្រោមជាតិ និងសង្គមស៊ីវិល កម្មវិធីការពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹង និងការបង្កើតឧទ្យានសមុទ្រ)

សូមបញ្ជាក់ថា សិក្ខាសាលាជាន់ខ្ពស់ លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ តាមក្រុមប្រធានបទនីមួយនីមួយៗ រួមមាន៖ ១.តើធ្វើដូចម្តេច ដើម្បីសម្រេចបានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីក្រុង? ២.និរន្តរភាពការរស់នៅ ការប្រើប្រាស់ និងការផលិត ៣.បញ្ហាប្រឈម និងផែនការគ្រប់គ្រងសំណល់រាវ និងអនាម័យ ៤.ការគ្រប់គ្រងសំណល់សម្រាប់ទីក្រុង។ លទ្ធផលរួម នៃការពិភាក្សាបានផ្តល់នូវសារមួយចំនួន សម្រាប់និរន្តរភាពទីក្រុង ដែលរួមមាន៖ តម្រូវការគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី ការអប់រំ ការចូលរួមសហគមន៍ ស្តង់ដារជាតិ ការលើកទឹកចិត្តសម្រាប់ឧស្សាហកម្ម និងការរៀបចំគំរូថ្មីសម្រាប់ទីក្រុងថ្មី ការគ្រប់គ្រងធនធានទឹក ជំរុញភាពជាម្ចាស់ និងអភិបាលកិច្ចល្អ៕