នាឱកាសទិវាសិទ្ធិនារី ឯកឧត្តម ថោង ខុន គាំទ្រឲ្យក្រសួងកិច្ចការនារី-ក្រសួងទេសចរណ៍បង្កើតសមាគមនារីនៅតាមមូលដ្ឋានអាជីវកម្ម

08​ 03​ 2018

នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងអង្គមីទ្ទិញ អបអរសាទរខួប លើកទី១០៧ នៃទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ជាមួយនឹងការ បញ្ជាក់ពីឆន្ទៈ របស់រាជរដ្ឋាភិបាលថា នៅតែប្ដេជ្ញាខិតខំលើកកម្ពស់ តម្លៃស្រ្តីជានិច្ច ព្រោះស្ត្រីជាឆ្អឹងខ្នង ដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ច-សង្គម និង ជាកម្លាំងចលករ ដ៏មានសក្តានុពល ក្នុងវិស័យទេសចរណ៍កម្ពុជា។

អង្គមីទ្ទិញនេះ ក៏មានការអញ្ជើញចូលរួម ពីលោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីផងដែរ ដោយក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី បានប្រកាសគាំទ្រ ឲ្យក្រសួងកិច្ចការនារី សហការជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើតសមាគមនារី នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍នានា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនារីខ្មែរនៅតាមមូលដ្ឋានទាំងនោះ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកនូវអំណះអំណាងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាទទួលបាន សុខសន្ដិភាព យ៉ាងពេញលេញ ដែលពុំធ្លាប់មាន ក្នុងរយៈពេលជិត ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្ដរបស់កម្ពុជា។ កត្តាសុខសន្ដិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ធានានូវការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង វិស័យទេសចរណ៍កម្ពុជា បាន និងកំពុងមានសន្ទុះរីកចម្រើន ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយរក្សាបាននូវកំណើន ជារៀងរាល់ឆ្នាំ និងបានរួមចំណែក ប្រមាណជាង ១៣% នៃផលិតផល ក្នុងស្រុកសរុប (GDP) និងតំណាង ឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្ម នៅកម្ពុជា។

គួរបញ្ជាក់ថា ឆ្នាំ២០១៧ ជាមួយនឹងការមកដល់ នៃទេសចរអន្ដរជាតិជាង ៥,៦លាននាក់ វិស័យទេសចរណ៍បាននាំមកនូវចំណូល ៣.៦៣៨លានដុល្លារ និងបង្កើតឱកាសការងារ ដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោល រាប់សិបម៉ឺននាក់ បន្ថែមទៀត។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ ការមក ដល់នៃទេសចរអន្តរជាតិ អាចកើនឡើងប្រមាណ ៧លាននាក់ នាំមកនូវចំណូល សរុបប្រមាណ ៥.០០០លានដុល្លារ បង្កើតនូវឱកាសការងារ ផ្ទាល់ប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលទេសចរអន្តរជាតិ ប្រមាណ ១៥លាននាក់។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា បច្ចុប្បន្នស្ត្រី ដែលបម្រើការ ក្នុងវិស័យទេសចរណ៍មាន ៦០% ភាគច្រើន គឺបម្រើការ នៅតាមផ្នែកសេវាស្នាក់នៅ និងសេវាកម្សាន្តនានា ដែលទាំងនេះជាសក្ខីភាព បញ្ជាក់ថា ស្រ្តីជាកម្លាំងចលករ ដ៏មានសក្តានុពល នៅក្នុងវិស័យទេសចរណ៍ ជាភាគីពាក់ព័ន្ធ ដ៏សំខាន់ ដែលមិនអាចខ្វះបាន និងបានរួមចំណែកដ៏សកម្ម ក្នុងការលើកស្ទួយកម្រិត ជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ដោយសារហេតុផលនេះហើយ ទើបឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ ឲ្យក្រសួងកិច្ចការនារី សហការជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាបង្កើតសមាគមនារី នៅតាមមូលដ្ឋានអាជីវកម្ម ទេសចរណ៍យ៉ាងដូច្នេះ ព្រោះការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាវិស័យទេសចរណ៍ ចាំបាច់ត្រូវមាន ការចូលរួម ពីផ្នែកឯកជន។