ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Dr. Li Shen Tang (Director of Science & Technology Development Dept (CETC Ocean Information) និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

13 03 2018

នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Dr. Li Shen Tang (Director of Science & Technology Development Dept (CETC Ocean Information) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង គម្រោងតម្លើងប្រព័ន្ធតាមដានចរាចរទូក ឬកប៉ាល់នេសាទ នៅលើដែនសមុទ្រ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យបទលើ្មសនេសាទ លើផ្ទៃសមុទ្រ។ លោកក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីផងដែរ ពីប្រវត្តិរបស់ក្រុមហ៊ុន មុខងារនិងភារកិច្ចសំខាន់ៗមួយចំនួន ដូចជាព័ត៌មានវិទ្យា បច្ចេកវិទ្យាលំហសមុទ្រ និងបាតសមុទ្រ ប្រព័ន្ធរាដា តាមដានកប៉ាល់ នាវានេសាទ ការគ្រប់គ្រងវារីវប្បកម្មសមុទ្រ និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រ។ ប្រព័ន្ធនេះបង្កការងាយស្រួល ដល់អាជ្ញាធរគ្រប់គ្រង លំហសមុទ្រ ការនេសាទខុសច្បាប់ ការបំពានចូលដែនសមុទ្រ ការកំណត់ទីតាំងតំបន់ហាមឃាត់ ការនេសាទ កំណត់ទីតាំងទូកនេសាទ ការបញ្ជាក់ពីប្រភពត្រី ការទំនាក់ទនង ឬការបញ្ជូនព័ត៌មាន រវាងអាជ្ញាធរ និងទូកនេសាទ និងប្រព័ន្ធក្រើនរំលឹងពីហានីភ័យផ្សេងៗ ឲ្យមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។
បន្ទាប់ពីមានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបាន ជម្រាបជូនភ្ញៀវថាក្រសួង សូមស្វាគមន៍ ចំពោះគម្រោង ប៉ុន្តែក្រុមហ៊ុនត្រូវធ្វើការសិក្សា ស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ មុនការបោះទុនវិនិយោគ លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ពិសេសប្រភពទុន នៃការផ្តល់ហិរញ្ញប្បទានវិនិយោគ និងកិច្ចដំណើរការ ឲ្យបានហ្មត់ចត់ និងច្បាស់លាស់ជាមុនសិន ជាមួយរដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធ។