សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១

13 03 2018

នៅព្រឹកថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ ផ្លូវជាតិលេខ១ ដែលគម្រោងសាងសង់កំណាត់ផ្លូវជាតិ លេខ១ ដំណាក់កាលទី៤ នេះ មានប្រវែងសរុប ៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពាន ព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កំណាត់ផ្លូវនេះសាងសង់ ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយ គោលនយោបាយ និងផលប៉ះពាល់។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង និងអបអរសាទរចំពោះការដាក់ឲ្យ ប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ១ ប្រវែង៤ គីឡូម៉ែត្រនេះ។ សម្តេចតេជោ ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានជួយស្ថាបនា កំណាត់ផ្លូវជាតិលេខ១ ដែលជាដំណាក់កាលចុងក្រោយ នៃការកសាងផ្លូវជាតិ លេខ១នេះ។ មិនត្រឹមតែកសាងផ្លូវនេះទេ ជប៉ុនក៏បានជួយដល់កម្ពុជា ក្នុងការកសាងស្ពាន ផ្លូវផ្សេងៗ និងវិស័យផ្សេងៗ ជាច្រើនទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ការកសាងស្ថាបនាផ្លូវជាតិលេខ១នេះ គឺជួបការលំបាកយ៉ាងច្រើន ព្រោះត្រូវកសាងជាច្រើន ដំណាក់កាល ហើយចំពោះ ៤គីឡូម៉ែត្រ នេះជាដំណាក់ការចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅសម្ភោធ ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមួយទៀត ដែលកម្ពុជា ធ្វើខ្លួនឯងផ្ទាល់តែម្តង។ សម្តេចតេជោ បានបញ្ជាក់នៅថ្ងៃនេះថា ចាប់ពីពេលនេះ ទៅកម្ពុជា ក៏មានសមត្ថភាពធ្វើស្ពានឆ្លងកាត់ ទន្លេបានដែរ ដែលសាងសង់ ដោយវិស្វ័ករខ្មែរតែម្តង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអភ័យទោស និងអគុណចំពោះប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយកំណាត់ផ្លូវនេះមានការលំបាកពេលដំណើរកំពុងការសាងសង់ និងរងនូវផលប៉ៈពាល់ នៃការស្ថាបនាផ្លូវនេះក៏ប៉ុន្តែនៅពេលដែលស្ថាបនារួចរាល់ហើយ គឺមិនមានការលំបាកដូចមុននោះទេ។ ទន្ទឹមនឹងការទទួលបានផ្លូវស្អាតហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរទាំងអស់ ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ នគោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរារចណ៍។ ហើយសូមឲ្យអាជ្ញាធរ មានវិធានការ តឹងរឹងបន្ថែមទៀត ចំពោះការអនុវត្តន៍ច្បាប់ ចររាចរណ៍ ដូចជាអ្នកជិះបញ្ច្រាសទិស មិនពាក់មួកការពារសុវត្ថិភាព និងរថយន្តតទ្រុងជាដើម។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវ រួមគ្នាថែរក្សា សន្តិភាព ដែលមានស្រាប់នេះឲ្យបានគង់វង្ស បើគ្មានសន្តិភាព មិនមានការអភិវឌ្ឍនោះឡើយ។ កម្ពុជាត្រូវធ្វើជាម្ចាស់ការ លើប្រទេសខ្លួនឯង មិនត្រូវការ បង្ខិតខំពីប្រទេសណានោះទេ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែក ក្នុងការងារអភិវឌ្ឍន៍ ប្រទេសកម្ពុជា ហើយផ្លូវជាតិលេខ១ នេះជាជំនួយឥតសំណង ក្នុងការស្ថាបនាកសាងផ្លូវនេះ ក៏ដូចជាផ្លូវ និងស្ពានផ្សេងទៀតផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏សូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរាជទូត បានអញ្ជើញ កាត់ខ្សែបូរ សម្ពោធកំណាត់ផ្លូវជាតិ លេខ១ មានប្រវែង ៤ គីឡូម៉ែត្រពីគល់ស្ពានច្បារអំពៅ ដល់ ក្ដីតាកុយ ដើម្បីដាក់ឲ្យប្រើប្រាស់ ចាប់ពីពេលនេះទៅ៕