រថយន្តសង្គ្រោះទំនើបពីរគ្រឿង ទើបមកដល់ថ្មី ដើម្បីបម្រើសកម្មភាពមនុស្សធម៌ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

24 03 2018

ដើម្បីរួមចំណែក​ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ  ក្រុមហ៊ុនជានកាងឈាវ (ខេមបូឌាន) បានផ្តល់អំណោយ រថយន្តសង្រ្គោះបន្ទាន់ចំនួនពីរគ្រឿង ដែលមានបំពាក់ ទៅដោយសម្ភាៈបរិក្ខាវេជ្ជសាស្ត្រទំនើប គ្រប់គ្រាន់ ជូនក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់ និងទទួលអំណោយរថយន្តសង្គ្រោះបន្ទាន់ទាំងពីរនេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួម ពីតំណាងក្រុមហ៊ុនជានកាងឈាវ (ខេមបូឌាន)។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តំណាងក្រុមហ៊ុនជានកាងឈាវ (ខេមបូឌាន) ដែលបានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ ជូនក្រសួងពាណិជ្ជកម្ម ដើម្បីទុកប្រើប្រាស់ ជាប្រយោជន៏រួម នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាពិសេសបម្រើសកម្មភាពមនុស្សធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿងនេះ មានសារៈសំខាន់ក្នុងការជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋបានទាន់ពេលវេលា មិនថាមានឧបទេវហេតុអ្វីកើតឡើង គឺប្រជាពលរដ្ឋ នៅក្នុងភូមិឃុំទាំង ១៥នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម អាចហៅរថយន្តនេះ ដើម្បីទទួលបានសេវាសង្គ្រោះបន្ទាន់ និងសេវាព្យាបាលផ្សេងៗ គ្រប់ពេលវេលា៕