ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអនុញ្ញាតឲ្យលោក Toshiki Fujimoto លេខាទី២ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលសម្តែងការគួរសម ជម្រាបលា

27​ 03 201៨

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈលោក Fujimoto បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនេះតែម្តង។ ដោយក្តីរីករាយ និង
នឹករលឹក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវអនុស្សាវរីយ៍ចាស់ៗ ដែលឯកឧត្ដមរដ្ឋមន្ត្រីទទួលបាន ក្នុងការធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុន ការចូលរួមកិច្ចប្រជុំ ការអនុវត្តគម្រោងជាច្រើន ជាមួយអ្នកជំនាញ និងអង្គការជប៉ុនបាន ជោគជ័យនាពេលកន្លង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជរដ្ឋាភិបាលជប៉ុននិងបន្ត ជាលក្ខណៈយូរអង្វែង ដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច និងសង្គមជាតិ ឲ្យកាន់តែរីកចម្រើន កាត់បន្ថយភាពក្រីក្រ។

 

នាក្នុងឱកាសនេះ លោក Fujimoto បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសប្រជាជនកម្ពុជា ដែលបានផ្តល់នូវបរិយាកាសយ៉ាងល្អប្រសើរ សម្រាប់រូបលោក ក្នុងរយៈពេល ៣ឆ្នាំនៃបេសកកម្មរបស់លោក នៅកម្ពុជា។ តាំងនាមលោក ជាអ្នកជំនាញផ្នែកកសិកម្ម និងធារាសាស្ត្រកសិកម្ម លោកបានជម្រាប ជូនជ្រាបឯកឧត្តមរដ្ឋមន្ត្រីថានាថ្ងៃអនាគត លោកសង្ឃឹមថានឹងមានឱកាសមកប្រទេសកម្ពុជាម្តងទៀតក្នុងនាមជាអ្នកជំនាញកសិកម្ម និងធារាសាស្ត្រកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើន។ លោកក៏បានជូនពរ ដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីឲ្យជួបតែសំណាងល្អ សុខភាពល្អ ជោគជ័យក្នុងរាល់ភារកិច្ច។