សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលប្រចាំឆ្នាំ លើកទី៣៩

27 03 2018

នៅរសៀលថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំ លើកទី៣៩ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ។

ទិសដៅសំខាន់ នៃសន្និបាតនេះ គឺដើម្បីបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅស ម្រាប់ ឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល និងយុទ្ឋសាស្ត្ររៀបចំផែនការ អភិវឌ្ឍវិស័យសុខាភិបាល អោយយមានការរីកចម្រើន ទៅមុខទៀត។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានអញ្ជើញ ចូលរួមបិទសន្និបាតសុខាភិបា លើកទី៣៩។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាល និង បានកោតសរសើរចំពោះ លទ្ធផលនៃការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ដែលទទួលបាន នូវភាពរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយកំពុងបន្តស្ថិត នៅលើផ្លូវត្រូវ និងវឌ្ឍនៈភាពល្អប្រសើរ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណ ដល់មន្ត្រីសុខាភិបាលទូទាំងប្រទេស ដែលបានយកចិត្តទុក ដាក់អនុវត្តគោលនយោបាយ និងកម្មវិធីនានា របស់រាជរដ្ឋាភិបាល ដែលសម្រេចបាន លទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផល នៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យ ព្យាបាល និងការថែទាំសុខភាព ជូនប្រជាពលរដ្ឋ កម្មករ និយោជិតទាំង ក្នុងនិងក្រៅប្រព័ន្ធ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗ ៥ចំនុច ដល់អង្គសន្និបាតទាំងមូល ដើម្បីបម្រើវិស័យ សុខាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់រួមមាន៖

១) ត្រូវពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន សុខាភិបាលទាំងប៉ុស្ត៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក គ្រប់ប្រភេទ និងមន្ទីរពេទ្យនានា ដើម្បីឲ្យមានគុណភាពខ្ពស់។ លើកកម្ពស់អប់រំ សតិអារម្មណ៍ មន្ត្រីបុគ្គលិក សុខាភិបាល ប្រតិបត្តិល្អតាមក្រមសីលធម៍ វិជ្ជាជីវៈ និងឥរិយាបទសមរម្យ ជាមួយប្រជាពលរដ្ឋ។

២) ត្រូវយកចិត្តទុកដាក់ ពង្រឹងផ្នែកធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមនីតិវិធីអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រង ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ របស់ស្ថាប័នដោយបង្កើនផលិតភាព នៃការផ្តល់សេវា ទាំងបរិមាណនិងគុណភាព ខណៈដែលរាជរដ្ឋាភិបាល បានផ្តល់ នូវអត្ថប្រយោជន៍ បន្ថែមដល់មន្ត្រីសាធារណៈដោយរាប់បញ្ចូល ទាំងមន្ត្រីសុខាភិបាល ដូចជាការ បង្កើនបៀវត្ស បង្កើនប្រាក់ឧបត្ថម ដល់មន្ត្រី សាធារណៈជាស្ត្រីពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពជាដើម។ ត្រូវមានការបែងចែក គ្រូពេទ្យ របស់យើងរវាង តំបន់ជនបទ និងទីក្រុងឲ្យមានតុល្យភាព រួមទាំងវិនិយោគអគារសុខាភិបាល និងបច្ចេកវិទ្យាសុខាភិបាល ឲ្យចំគោលដៅផងដែរ។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ ផ្តល់អាគារស្នាក់ នៅជូនដល់គ្រូពេទ្យផងដែរ។

៣) ត្រូវពង្រឹងសមត្ថភាពនិយ័តកម្ម របស់អង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលក្រសួងសុខាភិបាល បានធ្វើ ប្រតិភូកម្មមុខងារ និយ័តកម្មនេះ ដើម្បីពង្រឹង ការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល នៅលើទីផ្សារសុខភាព ក្នុងកាលៈទេសៈ ដែលសេវាសុខាភិបាលឯកជ នកំពុងរីកលូតលាស់យ៉ាងខ្លាំង។

៤) ដើម្បីទទួលបាន នូវការងារនិយ័តកម្មនេះ គឺត្រូវធានាថាសេវាសុខភាព ដែលផ្តល់ដោយផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋត្រូវឈរ លើនិយាមសមត្ថភាព បច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌ខ្ពស់។ ដូចច្នេះត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹក យន្តការត្រួតពិនិត្យ និងវាយតំលៃមួយជាក់លាក់ ដើម្បីធានាឲ្យប្រជាពលរដ្ឋ ដែលបានចំណាយលើការថែទាំសុខភាព ទទួលបានមកវិញនូវគុណប្រយោជន៍ ផ្នែកសុខភាពពោលគឺ ទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ។

៥) បង្កើតសកម្មភាពផ្សព្វផ្សាយព័ត៌មាន នឹងជូនដំណឹងដ ល់បងប្អូនប្រជាពលរដ្ឋយើង ឲ្យបានយល់ជ្រួតជ្រាប ជាពិសេសពាក់ព័ន្ធទៅ នឹងសុខភាព អនាម័យ មូលនិធិសមធម៌ អំពីការវិវឌ្ឍន៍ថ្មីៗ ក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ គឺត្រូវពង្រឹងយន្តការ គណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់ អំពីការបំពេញការងារ របស់អង្គភាពផ្តល់សេវាសុខាភិបាល នៅមូលដ្ឋានអនុលោម តាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែប ប្រ ជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឆ្នាំ២០១០-២០២០ ដែលមានគោល បំណងលើកកម្ពស់ ដល់សេវាសាធារណៈ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ឲ្យឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង របស់ប្រជាជន ក៏ដូចជាការលើស្ទួយគុណភាព នៃជីវិតរស់នៅ របស់ប្រជាជន។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់អង្គសន្និបាត ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួម ព្រមទាំងជូនពរបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

នៅក្នុងឱកាសបិទសន្និបាត សុខាភិបាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយ បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនដល់មន្ត្រីសុខាភិបាល ដែលមានស្នាដៃល្អក្នុងការបម្រើសេវា សុខាភិបាល សាធារណៈ ជូនដល់ប្រជាពលរដ្ឋកន្លងម កប្រកបដោយ បរិយាកាសរីករាយ និវស្និទស្នាលក្រៃលែង៕