នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងហើយ

06 04 2018

ព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ ឱ្យប្រើប្រាស់នាវាដឹកអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ តំណាងក្រុមហ៊ុន Royal Express Boat អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

នៅក្នុងដំណាក់កាលសាកល្បងនេះ មាននាវាចំនួន ០៣គ្រឿង ក្នុងនោះ ០២គ្រឿងជានាវាមានបាតទោល អាចផ្ទុកអ្នកដំណើរបានចំនួន ៦០នាក់ ក្នុងមួយគ្រឿង ចំណែក០១គ្រឿងទៀតជានាវាមានបាតភ្លោះ អាចផ្ទុកអ្នកដំណើរបានចំនួន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ពោងសុវត្ថិភាព ចាប់ផ្តើមដំណើរការពីថ្ងៃនេះ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ដោយឥតគិតថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងពីការធ្វើដំណើរ តាមមធ្យោបាយនេះ។

សូមជម្រាបជូនថា៖ ការធ្វើដំណើរចាប់ពីព្រែកព្នៅ ទៅក្រុងតាខ្មៅ ត្រូវឆ្លងកាត់ ០៦ចំណតរួមមាន៖ ព្រែកព្នៅ ឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ ដោយចំណាយពេលវេលាពី៣នាទីទៅ ១០នាទីពីចំណតមួយទៅចំណតមួយ និងឈប់ដាក់អ្នកដំណើរចុះឡើង មិនលើសពី ១០នាទីឡើយ។

នាវាដឹកអ្នកដំណើរនេះមានល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង គិតជាមធ្យម ប្រៀបធៀបនឹងការធ្វើដំណើរ តាមផ្លូវគោក មានល្បឿនលឿន ជាង ៣ដង ការធ្វើដំណើរពីចំណតឫស្សីកែវ ទៅចំណតតាខ្មៅ ចំណាយពេលសរុបមិនលើសពី ៤៥នាទី និងដំណើរការជាប្រចាំ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ថ្លៃឈ្នួលធ្វើដំណើរចំនួន៣២០រៀលក្នុងមួយគីឡូម៉ែត្រ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីសារសំខាន់ នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលទទួលបានដោយលំបាក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋរួបរួមគ្នា ជួយថែរក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង្ស ដើម្បីមាន ឱកាសកសាងប្រទេសជាតិ មាតុភូមិរបស់យើង ឱ្យកាន់តែមានការរីកចម្រើន ថែមទៀត។

ឯកឧត្ដមទេសរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងដំណោះស្រាយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំណេញពេលវេលា ចំណាយតិច មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាចូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕