កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់ លើគម្រោងវិនិយោគអភិវឌ្ឍន៍ លើវិស័យដាំដំណាំកសិ-ឧស្សាហកម្មក្នុងខេត្តមណ្ឌលគិរី

06 04 2018

នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកាន័ព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានបើក កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគ អភិវឌ្ឍន៍ លើវិស័យដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) ក្រុមហ៊ុន SETHIKULA CO., LTD. លើផ្ទៃដីទំហំ ៤.២៧៣ហិកតា មានទីតាំង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្រ្ត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា Green Enviroment Group co., Ltd។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ស.វ.ហ.ស្ថ. ដោយមានការ ចូលរួមពី តំណាង អគ្គនាយកដ្ឋាន ពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិកក្រុមការងារ ស.វ.ហ.ស្ថ. មកពីក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ បានសម្រេចដូចខាងក្រោម៖
ក).ក្រុមហ៊ុនត្រូវបន្ត ធ្វើការដោះស្រាយ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដោយសន្តិវិធី និងជំរុញការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់
ខ). ត្រូវរៀបចំផែនការ ប្រើប្រាស់ និងគ្រប់គ្រងជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស របស់ក្រសួងកសិកម្ម
ខ).ក្រុមហ៊ុនត្រូវមានផែនការ គ្រប់គ្រងសំណល់រឹង-រាវ និងសំណល់គ្រោះថ្នាក់ (ប្រេងម៉ាស៊ីន និងជីគីមី ) ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការកំពប់ ឬហៀរចូលទៅ ក្នុងប្រភពទឹកធម្មជាតិ
គ). ក្រុមហ៊ុនត្រូវសហការ ជាមួយអជ្ញាធរ និងស្ថាប័នជំនាញ ដើម្បីទប់ស្កាត់ការទន្រ្ទានព្រៃមាត់អូរ ពីជនខិលខួចមួយចំនួនតូច
ឃ).លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តកិច្ចសហការដាំកៅស៊ូ ជាលក្ខណៈគ្រួសារ ជាមួយក្រុមហ៊ុន
ង). ក្រុមហ៊ុនត្រូវអនុវត្តវិធាន ការកាត់បន្ថយហេតុ ប៉ះពាល់បរិស្ថាន តាមការផ្តល់យោបល់ របស់អង្គប្រជុំ និងនាយកដ្ឋាន EIA ដើម្បីកាត់បន្ថយហេតុប៉ះពាល់ អវិជ្ជមាន ឱ្យដល់កម្រិតអប្បបរមា
ច). ក្រុមហ៊ុនត្រូវរៀបចំផែនការ គ្រប់គ្រងបរិស្ថាន កម្មវិធីត្រួតពិនិត្យប្រិស្ថាន និងមូលនិធិបរិស្ថាន និងមូលនិធិសង្គម ឱ្យបានសមស្រប ទៅនឹងការខូចខាត លើតម្លៃសេដ្ឋកិច្ច សង្គម និងតម្លៃបរិស្ថាន ដោយសារគម្រោង
ឆ). ក្រុមហ៊ុនត្រូវធ្វើការវិភាគ សេដ្ឋកិច្ច និងតម្លៃបរិស្ថានឡើងវិញ ឱ្យបានគ្រប់ជ្រុងជ្រោយ។