ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារពិនិត្យព្យាបាលជំងឺនិងសម្ភពរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង រាជធានីភ្នំពេញ

10 04 2018

នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ភោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអាគារពិនិត្យព្យាបាលជំងឺ និងសម្ភពរោគស្ត្រី ដែលទើបនឹងបញ្ចប់ការ សាងសង់ថ្មី នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល លោកឧកញ៉ា សៀ ឬទ្ធី និងសហការី ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ពោធិចិនតុង សរុបទាំងអស់ ប្រហែលជា ២១៥នាក់។

នៅក្នុងពិធីដ៏វិសេសសាលនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អាគារពិនិត្យព្យាបាល ជំងឺដែលទើបតែបានសាងសង់ថ្មីនេះ បានចាប់ផ្តើមសាងសង់ឡើង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ចប់រួចរាល់ ជាស្ថាពរ នៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រោមការឧបត្ថម្ភថវិកា ដ៏ថ្លៃថ្លារបស់លោក ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តាន់ តឹកគី ដែលអាគារនេះ មានទំហំទទឺង ១០ម៉ែត្រ បណ្តោយ ២០ម៉ែត្រ និងមានកំពស់ ៣ជាន់។ នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ក្នុងវិស័យសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តាន់ តឹកគី ដែលបានផ្តល់អំណោយសប្បុរស ដ៏ថៃ្លថ្លានេះ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឈន៍វិស័យសុខាភិបាល ស្របតាមតំរូវការ របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជន នៅរាជធានីភ្នំពេញ នេះតែម្តង ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងជួយសំរួលគ្រប់បែបយ៉ាង ដើម្បីសំរេចបាន នូវសមិទ្ធិផលនេះប្រកប ដោយជោគជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំផ្តាំផ្ញើ ចូលរួមកោតសរសើរ ដល់មន្រ្តី និងបុគ្គលិកសុខាភិបាល ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ គោរពបានយ៉ាងខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ ពេទ្យ ហើយឯកឧត្តម បានសំណូមពរ ឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំបំពេញភារកិច្ច ឲ្យបានល្អជាបន្តទៀត និងសូមជួយថែទាំ អាគារថ្មីឲ្យស្អាតល្អ មានអនាម័យ សោភ័ណ្ឌភាព និងប្រើប្រាស់ អោយបានគង់វង់ ស្ថិតស្ថេរយូរអងែ្វង ដើម្បីជាគុណប្រយោជន៏ ដល់ប្រជាជនយើង។ គួរឲ្យកត់សម្គាល់ផងដែរថា ឯកឧត្តម រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានអំពាវនាវ និងស្នើសុំលោកឧកញ៉ា បន្តជួយលើវិស័យសុខាភិបាល ជាបន្តទៀត ដោយពិនិត្យលទ្ធភាព ក្នុងការសាងសង់អាគារផ្សេងៗ ទៀតផងដែរ។