កិច្ចប្រជុំពិនិត្យមើលលើគម្រោងអាជីវកម្មរ៉ែមាសក្នុងខេត្តមណ្ឌលគិរី

09 04 2018

នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិនិត្យ​ មើលលើគម្រោងអាជីវកម្មរ៉ែមាស លើផ្ទៃដីទំហំ ១.១៥០ ហិកតា ដែលមានទីតាំងស្ថិត នៅតំបន់អូរខ្វាវ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។គម្រោងខាងលើនេះ វិនិយោគដោយក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED។
កិច្ចប្រជុំបានពិភាក្សា លើការគិតគូសំខាន់ លើការវិនិយោគ ដែលគិតគូរពីបរិស្ថាន ដោយផ្តោតលើ៣ចំណុច សំខាន់ៗរួមមាន៖ (១). ការពិនិត្យមើល និងវាយតម្លៃហេតុប៉ះពាល់ ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ពីការសាងសង់ផ្លូវចូល ទៅទីតាំងគម្រោង អាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ (២). ការបង្កើនមូលនិធិបរិស្ថាន និងសង្គម សម្រាប់ចូលរួមស្តារបរិស្ថាន និងការអភិវឌ្ឍ សហគមន៍មូលដ្ឋាន និង (៣). ស្នើដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ពិចារណា លើគម្រោងស្វែងរុករករ៉ែ ដែលស្ថិតនៅក្នុងតំបន់ការពារ។
សូមបញ្ជាក់ថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយមានការ ចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន ពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និង ថាមពល សហភាពអឺរ៉ុប (EU) តំណាងអង្គការ WWF; WCS; OXFAM; DPA និងមន្ត្រីជំនាញ នៃនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន ជាលេខាធិការដ្ឋាន នៃក្រុមការងារអន្តរក្រសួង ពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង តំណាងក្រុមហ៊ុនម្ចាស់គម្រោង និង ក្រុមហ៊ុនទីប្រឹក្សាផងដែរ៕