សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ប្រទេសសឹង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

27 04 2018

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល​នៃប្រទេសសមាជិកអាស៊ានដទៃទៀត បានអញ្ជើញធ្វើដំណើរ ទៅដល់​ប្រទេស​សឹង្ហបុរី ជាបន្តបន្ទាប់ហើយ នៅព្រឹកថ្ងៃទី​២៧​មេសានេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ដែលគ្រោងនឹងប្រារ្វធ្វើឡើង ចាប់ពីរាត្រីថ្ងៃទី​២៧​មេសានេះ និង​នៅព្រឹកថ្ងៃស្អែកទី២៨មេសាស្អែក។

យន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតប្រកប ដោយ​សុវត្តិ​ភាព ​នៅអាកាស​យាន​ដ្ឋានអន្តរជាតិ ចាងហ្គី កាលពីវេលាម៉ោង១០ និង៥០នាទី ម៉ោងនៅប្រទេសសឹង្ហបុរី ត្រូវនឹង​ម៉ោង ៩និង៥០នាទី ម៉ោង​នៅព្រះរាជាណា​ចក្រកម្ពុជា។ វត្តមាន នៃការ អញ្ជើញ ដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវ​កិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តម ម៉ូហាម៉េត ម៉ាលីគី ប៊ីនអូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពារ និងកិច្ចការបរទេសរបស់សឹង្ហបុរី ឯកឧត្តម ងួន សុខវេង ឯកអគ្គ​រាជ​​​ទូត​វិសាមញ និង​ពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសឹង្ហបុរី និងលោកជំទាវ​ព្រមទាំង​វត្តមាន ឯកឧត្តម លោក​​ជំទាវ ជាឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលសឹង្ហបុរី និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំប្រទេស​សឹង្ហបុរីជាច្រើន​រូប។