រដ្ឋមន្រ្តីទេសចរណ៍ ស្វាគមន៍ការដាក់ឱ្យប្រើប្រាស់ រ៉ឺម៉កកង់បីប្រភេទថ្មីមួយទៀត នៅកម្ពុជា ដែលចូលរួមចំណែកបម្រើវិស័យទេសចរណ៍

27 04 2018

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃនេះ បានបង្ហាញការស្វាគមន៍​ ចំពោះការដាក់ឱ្យដំណើរការ នូវរ៉ឺម៉កកង់បី ប្រភេទថ្មីមួយទៀត ឈ្មោះ Ape ដែលនឹងចូលរួមចំណែក បម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

រ៉ឺម៉កកង់បីប្រភេទថ្មីឈ្មោះ Ape ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៦ ខែ​មេសា ឆ្នាំ ២០១៨នេះ ដោយក្រុមហ៊ុនអ៊ីតាលានម៉ូតូ (Italian Motors) ដែលពិធីសម្ពោធនេះ បានធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព លោក ថោង ខុន ដោយមានការចូលរួម ពីមន្រ្តីរាជរដ្ឋាភិបាល និងដៃគូឯកជន ជាច្រើនទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានបង្ហាញចំណាប់អារម្មណ៍ថា តាមរយៈមធ្យោបាយនេះ វាពិតជាមានសារសំខាន់ណាស់ ទៅដល់ការចូលរួមចំណែក បម្រើឱ្យភាពរីកចម្រើន នៃវិស័យទេសចរណ៍ តាមរយៈការកសាង​​កម្ពុជាស្អាត​ និង​បៃតង​ដែលនឹង​ធ្វើសម្រាប់ ពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម បានបន្ថែមថា វិស័យទេសចរណ៍ជាវិស័យសំខាន់មួយ ដែលបានចូលរួមបម្រើ ដល់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងកាលពីអំឡុងចូលឆ្នាំថ្មី​កន្លងមកនេះ ទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តជាង ៥លាននាក់​ ទៅកាន់គោលដៅ ទេសចរណ៍នានា​ ហើយក្រសួង ក៏បានដាក់ចេញ នូវយុទ្ធសាស្ត្រ អភិវឌ្ឍ នូវគោលដៅទេសចរណ៍ទាំងអស់ ឱ្យកាន់តែល្អប្រសើរផងដែរ។

ពាក់ព័ន្ធនឹង រ៉ឺម៉កកង់បី Ape ថ្មីនេះ លោក​ វុង ពិលី នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីតាលានម៉ូតូ បានលើកឡើងថា រ៉ឺម៉កកង់បី Ape របស់ Piaggio ដែលចូលរួមចំណែក ដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅក្នុងទីក្រុងពេលនេះ គឺធ្វើដំណើរ​ដោយ​ប្រើប្រាស់កម្មវិធី Apps តាមទូរស័ព្ទដៃដូចជា Grab, PassApps, WeGo, Tos Tos, CamGo, 711Go Taxi, Exnet និង Apps ជាច្រើនផ្សេងៗទៀត។

លោកបានបញ្ជាក់ទៀតថា ជាមួយកម្មវិធី Apps តាមទូរស័ព្ទដៃនេះ វាពិតជាមានភាព ងាយស្រួលណាស់ ហើយវាអាច សន្សំពេលវេលាបានទៀតផង ដោយឲ្យគេមកយក ដល់កន្លែងដែលយើង នៅតែម្តង ហើយវាអាចជូនយើង ទៅកន្លែងណា ដែលយើងចង់ទៅបាន យ៉ាងងាយស្រួល​ ដោយគ្រាន់តែចុច ប៉ូតុងមួយប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថា វាពិតជាងាយស្រួលជាង ការធ្វើដំណើរនៅបណ្តាប្រទេស​មួយ ចំនួនទៅទៀត ដោយ​ប្រជាជន គេត្រូវដើរថ្មើរជើង ទៅស្ថានីយ៍រថភ្លើង និង​ដើរពីស្ថានីយ៍រថភ្លើងទៅកន្លែង ដែលពួកគេចង់ទៅ៕