សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣

07 05 2018

នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិត គុណភាពកំណាត់ ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ដោយគ្រោង ចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទាន សម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផល ប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ គម្រោងពង្រីក និងលើកកម្រិតកំណាត់ ផ្លូវជាតិលេខ៣ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញ បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៣ ដែលបានតភ្ជាប់ ពីភ្នំពេញទៅកាន់ទីរួមខេត្តកំពត នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា កន្លងទៅមកនេះ នាយករដ្ឋមន្ត្រីចិន និងកម្ពុជាបានជួបគ្នា នៅទីក្រុងភ្នំពេញ តាមរយៈកិច្ចប្រជុំមេគង្គឡានឆាំង ហើយក៏បាន ចុះហត្ថលេខា ផ្តល់ហិរញ្ញប្បទាន សម្បទានប្រមាណ ២០០លានដុល្លារ ក្នុងការលើកគុណភាព និងពង្រីកផ្លូវជាតិលេខ៣នេះ។ តាមរយៈផ្លូវជាតិលេខ៣នេះ គឺជាផ្លូវតែមួយគត់ ដែលបានរួមចំណែក យ៉ាងសំខាន់ ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូន អំបិលពីខេត្តកំពត ទៅកាន់ខេត្តផ្សេងៗ និងសម្រាប់ វិស័យទេសចរណ៍ធ្វើដំណើរ ទៅកាន់ភូមិភាគទិសនារតី នៃតំបន់សមុទ្រកម្ពុជាផងដែរ។

ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន តែងតែកៀងគរ ថវិការពីបណ្តាលប្រទេសនានា មកអភិវឌ្ឍន៍ វិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះកម្ពុជា បានសម្រេចនូវសមទ្ធិផលស្ពាន និងផ្លូវជាច្រើនខ្សែ ដែលជាជំនួយ របស់មិត្តចិន ក្នុងការបំរើប្រយោជន៍ ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ នូវសង្គ្រាម ដ៏រាំរ៉ៃដែល ធ្វើឲ្យកម្ពុជាទទួល រងនូវភាពខ្ទិចខ្ទាំ នូវហេដ្ឋារចនាសម្ព័ន្ធ របស់ជាតិជាច្រើន ប៉ុន្តែក្រោយមកទៀត តាមរយៈមាគ៍ាដឹកនាំ ក៏ដូចជាគោល នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវការ បង្រួបបង្រួមជាតិ ឯកភាពជាតិ និងមានការអភវិឌ្ឍរីកចម្រើន ដល់សព្វថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ថា នៅពេលដែលផ្លូវជាតិ លេខ៣នេះ បានសាងសង់រួចហើយ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ នឹងចំណេញពេលវេលា និងកាត់បន្ថយការ ចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូន ប្រជាពលរដ្ឋ ចង់ធ្វើដំណើរ ទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររ តាមផ្លូវជាតិ នេះផងដែរ ហើយចំពោះបងប្អូន ប្រជាពលរដ្ឋ ប្រកបមុខរបរតាម ផ្លូវជាតិលេខ៣ ក៏កាន់តែងាយស្រួល ផងដែរ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលសាងសង់ សម្តេចតេជោ សុំមានការយោគយល់ ពីប្រជាពលរដ្ឋរស់នៅ តាមដងផ្លូវ និងអ្នកធ្វើដំណើរ ពីព្រោះអាចមានការរំខាន ដោយគ្រឿងចក្រ នឹងការកកស្ទះផ្សេងៗ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិន ដែលបានចូល រួមចំណែកក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកា លើកទឹកចិត្តមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបរវកញ្ញាខណ្ឌពោសែនជ័យ ចំនួន ៥នាក់ផងដែរ។ សម្តេចតេជោ បានជូនពរ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់សូមជួបតែសេចក្តីសុខ និងចម្រើនគ្រប់ៗគ្នា។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតចិន បានអញ្ជើញបញ្ជារគ្រឿងចក្រ បើកការដ្ឋានពង្រីក និងលើកកម្រិត គុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីថ្ងៃនេះតទៅ៕