ស្ត្រីប្រើរូបភាពសត្វព្រៃមកធ្វើម្ហូប បានសារភាពកំហុស

10​ 05 2018

ស្ត្រីម្នាក់ដែលអ្នកលេងបណ្តាញព័ត៌មានសង្គម បានថ្កោលទោស នូវសកម្មភាពធ្វើម្ហូប ជាមួយសត្វព្រៃមួយចំនួន ហើយបានបង្ហោះ តាមបណ្តាញព័ត៌មានសង្គមថែមទៀតនោះ បានចេញមុខសារភាពទទួលកំហុស ចំពោះសកម្មភាព របស់ខ្លួនដែលបះពាល់ ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ។ អ្នកស្រីចាន់ ប៉ូលីន និងស្វាមីរបស់គាត់ ដែលជាអ្នកសំដែង និងអ្នកថតរូបវីដេអូ បានចូលសារភាពកំហុស របស់ខ្លួនជាសាធារណៈ នៅចំពោះមុខមន្រ្តីជំនាញ នៃក្រសួងបរិស្ថាន និងសមត្តិកិច្ចពាក់ព័ន្ឋ រួមជាមួយអ្នកសារព័ត៌មាន ជាច្រើននាក់ កាលពីរសៀលថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៨។ ជាមួយគ្នានេះ អ្នកស្រីចាន់ ប៉ូលីន និងស្វាមី បានធ្វើការសន្យាផ្តិតមេដៃ បឈ្ឈប់ប្រព្រឹត្ត សកម្មភាពសំដែង អំពើខុសច្បាប់ដូចនេះតទៅទៀត។ អ្នកស្រី ចាន់ ប៉ូលីន បានសារភាពថា សត្វទាំងនោះមិនមែនពួកគេ ជាអ្នកសម្លាប់ឡើយ គឺបានទិញ តពីគេ ហើយយកមកថតវីដេអូ និងរូបភាពបង្ហោះ តាមប្រព័ន្ឋផ្សព្វផ្សាយសង្គម ក្នុងគោលបំណង ស្វែងរកថវិកាតែប៉ុណ្ណោះ។ ចាប់ពីពេលនេះ អ្នកស្រីចាន់ ប៉ូលីន និងស្វាមី សូមឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃ ថែមទៀតផងដែរ។ សូមបញ្ជាក់ថា អ្នកស្រីចាន់ ប៉ូលីនប៉ុន្មានថ្ងៃមកនេះ បានរងការថ្កោលទោសខ្លាំងក្លា ពីអ្នកលេងហ្វេសប៊ុក ដោយសារតែអ្នកស្រីបាន ថតវីដេ អូនូវសកម្មភាព សម្លាប់សត្វព្រៃមួយចំនួន និងការយកសាច់សត្វព្រៃទាំងនោះ ធ្វើម្ហូបទទួលទាន។ ច្បាប់ក្នុងប្រទេស កម្ពុជា មិនអនុញ្ញាតអោយមានការ ប្រមាញ់សត្វព្រៃកម្រ និងធ្វើចរាចរណ៍លក់ដូរសត្វព្រៃ ទាំងនោះឡើយ។ មន្រ្តីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា ករណីនេះសមតិ្តកិច្ច កំពុងរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធី នៃច្បាប់ចំពោះកំហុសរបស់ អ្នកទាំងពីរខាងលើ។