កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IEIA)

16 05 2018

នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IEIA) លើគម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ លើផ្ទៃដីទំហំ ១០.៤៩៤ ម៉ែត្រក្រឡា មានទីតាំងស្ថិតក្នុងសួនឧស្សាហកម្ម ស៊ូ ចូវ ក្នុងភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន ពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ​ មន្ទីរបរិស្ថាន​ និងអាជ្ញាធរខេត្តកណ្តាល​ ក្រុមហ៊ុនពាក់ព័ន្ធ។ បន្ទាប់ពីមានកិច្ចពិភាក្សា​ ក៏ដូចជាធ្វើបទបង្ហាញរួចមក អង្គប្រជុំបានសម្រេច​ និងឯកភាព លើមតិយោបល់ទាំងអស់ របស់សមាជិកអង្គប្រជុំអន្តរក្រសួង ដើម្បីកែសម្រួលរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ដោយក្រុមហ៊ុនម្ចាស់គម្រោង ត្រូវសរសេរឱ្យបានច្បាស់ អំពីផែនការ ការប្រើប្រាស់ទឹករហូត ដល់ទីតាំងអាងប្រព្រឹត្តិកម្មសំណល់រាវ​ និងត្រូវទុកដាក់ វត្ថុធាតុដើមគីមីឱ្យមានសុវត្ថិភាព និងសរសេរជាភាសាខែ្មរ ។

ជាមួយគ្នា អង្គប្រជុំបានជំរុញ និងតម្រូវឲក្រុមហ៊ុនទទួលខុសត្រូវ ការបំពាក់ឧបករណ៍សម្រាប់កម្មករ ប្រើប្រាស់ជាប្រចាំ ក្នុងការបំពេញការងារ ត្រូវធ្វើការតាមដាន និងវិភាគគុណភាពទឹកសំណល់រាវ និងអាវចុងក្រោយជាប្រចំា ដើម្បីកែសម្រួលបច្ចេកទេស ដោយអនុលោមតាមបទដ្ឋាន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនត្រូវរៀបចំរបងបិទជិត និងមិនត្រូវបង្ហូរសំណល់រាវ ដែលប៉ះពាល់ ដល់ប្រជាពលរដ្ឋជិតខាងដាច់ខាត ត្រូវរក្សាគ្រប់គ្រង បរិយាកាសក្នុងអគារ និងថែរក្សាប្រព័ន្ធបឹតធូលី ក្នុងអគារខាត់ក្រណាត់ និងអគារបាញ់ពណ៌ មិនត្រូវឱ្យមានការសាយភាយចេញមកក្រៅ រួមទាំបំពាក់បច្ចេកទេស ដោយគិតគូពីសុវត្ថិភាព បុគ្គលិក-កម្មករ និងចូលរួមគិតគូ យកចិត្តទុកដាក់លើបរិស្ថាន៕