រដ្ឋមន្ដ្រី ក្រសួងអប់រំ និងថ្នាក់ដឹកនាំ NOCC ចូលរួមពិធីក្រុងពាលីកីឡាជាតិ លើកទី២ មុនពិធីបើកផ្លូវការ នៅថ្ងៃទី២៥ ឧសភា

24 05 2018

គណ:កម្មការរៀបចំ ការប្រកួតកីឡាជាតិ លើកទី២ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ បានចូលរួមពិធីក្រុងពាលី នៅពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមពិធី បើកការប្រកួត ផ្លូវការនាថ្ងៃទី២៥ ខែឧសភាខាងមុខ។ ពិធីតាមទំនៀមទម្លាប់ ព្រះពុន្ធសាសនា បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រួមទាំងមន្រ្តីក្រោមឱវាទ ព្រឹទ្ធាចារ្យកីឡា និងតំណាងសហព័ន្ធកីឡាជាតិជាច្រើនទៀត។

ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ដោយមាន កីឡាសរុប ២៧ប្រភេទ ស្មើនឹង ២៧២វិញ្ញាសា ត្រូវបានកំណត់ ដាក់ឲ្យប្រកួត ក្នុងគោលបំណង វាស់ស្ទង់គុនភាពកីឡា តាមប្រភេទកីឡា នីមួយៗ ក៏ដូចជាការហ្វឹកហ្វឺន របស់មន្ដ្រីរៀបចំ ការប្រកួត មន្ដ្រីអាជ្ញាកណ្ដាល និងចៅក្រម ក្នុងការត្រៀម លក្ខណៈសម្បត្តិឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ចំពោះទីកន្លែង ប្រកួត សម្រាប់រាជធានីភ្នំពេញ គឺផ្ដោតលើការប្រើប្រាស់ ទីលានក្នុងពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិ មរតកតេជោ។ រីឯការប្រកួត តាមខេត្ត រួមមានខេត្តកែប, ខេត្តកំពត និងខេត្តកំពង់ធំជាដើម។

គួរបញ្ជាក់ថា ពិធីបើក និងពិធីបិទ នឹងឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត។ ហើយអ្វីដែលពិសេស គឺការទទួលបាននូវការ ព្រះរាជនុញ្ញាតដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោឧត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះអង្គនឹងព្រះរាជទានភ្លើងគប់អាទិទេព ដើម្បីដង្ហែពីព្រះបរមរាជវាំង មកពហុកីឡដ្ឋានជាតិ ដើម្បីប្រារព្ធ ពិធីបើកការប្រកួតកីឡាជាតិ ជាផ្លូវការទៀតផង៕