អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨

25 05 2018

ក្រោយការចូលរួមបោះឆ្នោត ពីភ្ញៀវទេសចររាប់លាននាក់ ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់ លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ១៣ ជាគោលដៅទេសចរណ៍ របស់ពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។

នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរ លើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់ លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រ ដ៏ល្បីល្បាញ ផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយកតំបន់ បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។

បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់ លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗ លើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់ លេខ១បន្ថែមទៀត នៅលើគេហទំព័រ របស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មាន តាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត របស់កម្ពុជា ក្នុងឋានៈជាសំណង់ ដ៏មានសារៈសំខាន់ ផ្នែកប្រវត្តិសាស្ត្រ អស្ចារ្យបំផុតក្នុងលោក។

នេះជាមោទនភាពមួយ របស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរ បស់កម្ពុជាទទួលបានការគាំទ្រ ពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រង រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវ ដល់សាធារណជនទាំងអស់ បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតា យើងឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕