សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង ២ម៉ឺននាក់ ស្ថិតក្នុងភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

06 06 2018

នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​ នៃកម្ពុជា បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខបងប្អូន កូនក្មួយកម្មករ កម្មការនីប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុងភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មកពីស្រុកជើងព្រៃ ចំនួន៧ និងស្រុកបាធាយចំនួន១ ដែលមានអ្នកវិនិយោគ មកពីប្រទេសចិន ចំនួន៦ កាណាដាចំនួន១ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង៨នេះ មានរោងចក្រកាត់ដេរ សម្លៀកបំពាក់ចំនួន១ ផលិតស្បែកជើងចំនួន៥ ផលិតស្រោមដៃចំនួន១ និងផលិតការ៉ុងចំនួន១។ ផលិតផលដែលផលិតចេញ ពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួនផ្គត់ផ្គង់ ទីផ្សារក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញមកជួបជុំជាមួយកូនក្មួយកម្មករ កម្មការនី ដែលមានចំនួនប្រមាណជាង ២ម៉ឺនាក់។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចនឹងបន្តចុះជួបជាមួយ កូនក្មួយកម្មករ កម្មការនី ចំនួន ៥លើកទៀតមុននឹង ចូលដល់ថ្ងៃ យុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ នាពេលខាងមុខ។ ក្រោយពីបោះឆ្នោតហើយ សម្តេចតេជោ នឹងបន្តសកម្មភាព ចុះជួបមួយបងប្អូនកម្មករ កម្មការនី យើងជាបន្តទៀត។ ថ្ងៃនេះ សម្តេចតេជោ បានអរគុណ ដល់ម្ចាស់រោងចក្រទាំង ៨នៅខេត្តកំពង់ចាមនេះ ដែលបានអនុញ្ញាត ឲ្យកូនក្មួយកម្មករ បានជួបសំណេះសំណាល ជាមួយសម្តេចតេជោ និងបានឈប់សំរាក នៅល្ងាចថ្ងៃនេះ ដោយទទួលបានប្រាក់ឈ្នួលពេញ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបង្ហាញ ដល់កូនក្មួយកម្មករ កម្មការនីទាំងអស់ អំពីផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការពង្រីករោងចក្រ សហគ្រា ដែលសម្តេចតេជោ បានគិតទុកក្នុងរយៈពេល ១៩ឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះ យើងកំពុងពង្រាយរោងចក្រ សហគ្រា តាមបណ្តាលផ្លូវជាតិ និងតាមបណ្តាខេត្តនានា ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម (២០១៥-២០២៥) និងផ្តល់ឱកាសការងារ ដល់កូនក្មួយកម្មករ។ ការដាក់ពង្រាយ រោងចក្រ សហគ្រា នាពេលនេះ គឺប្រៀបបាន ទៅនឹងការពង្រាយសាលារៀន នៅទូទាំងប្រទេសយ៉ាងដូច្នេះដែរ ដោយបច្ចុប្បនេះ រាជរដ្ឋាភិបាលបាន ដាក់ពង្រាយសាលារៀន មានស្ទើគ្រប់ទីកន្លែង ដើម្បីជាកន្លែងផ្តល់ចំណេះដឹង ដល់កូនចៅប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត សម្តេចតេជោបានប្រកាសថា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ តទៅចំពោះស្ត្រី មានផ្ទៃពោះ ដែលមានជីវភាពក្រីក្រ នឹងទទួលបាន នូវគោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល គឺស្ត្រីមានផ្ទៃពោះ ដែលត្រូវសម្រាលកូន គឺនឹងទទួលបានប្រាក់ឧបត្ថម ពីរាជរដ្ឋាភិបាល តាមដំណាក់កាល ៣លើកដូចជា៖

១) កំឡុងពេលពរពោះ ពី៩ខែ ទៅ១០ខែ ទទួលបានថវិកា ៤ដង ដោយក្នុង ១ដងចំនួន៤ម៉ឺនរៀល។

២) ក្នុងកំឡុងពេលសម្រាលកូន គឺទទួលបានថវិកា ២០ម៉ឺនរៀល។

៣) ក្រោយពេលសម្រាលកូនហើយ រហូតដល់កូនអាយុបាន ២ឆ្នាំ គឺទទួលបានថវិកាចំនួន ១០ដងដោយក្នុង ១ដងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤ម៉ឺនរៀល។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាគោលនយោបាយថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ គាំពារសង្គម ចំពោះស្ត្រី ដែលជាកម្មការនី, ស្រ្តី ដែលជាមន្ត្រីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយក្តីមោទនភាព ចំពោះវឌ្ឍនៈភាព និងភាពរីកចម្រើន របស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយ ពីប្រទេសក្រីក្រមក ជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកំរិតទាប នាពេលបច្ចុប្បន្ននេះ។អ្វីគ្រប់យ៉ាង ដែលយើងទទួលបាន ដល់សព្វថ្ងៃនេះ គឺដោយសារតែប្រទេសយើង មានសន្តិភាព។ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍឡើយ ហើយក៏គ្មានរោងចក្រ សហគ្រាស សម្រាប់ក្មួយៗ ធ្វើការដូចពេលនេះទេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ សូមឲ្យកូនក្មួយៗកម្មករកម្មការនី និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសន្តិភាព ដែលមានស្រាប់ ឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន តែងតែចុះជួប ជាមួយបងប្អូនប្រជាពលរដ្ឋ កសិករ កម្មករ កម្មការនី កីឡាករកីឡាការនី សិល្បៈករ សិល្បៈការនី និងសិស្សនិស្សិត…នៅគ្រប់ទីកន្លែង ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានប្រកាសសារជាថ្មីថា សម្តេចនឹងបន្តនៅមើលថែរកូនក្មួយ កម្មករ កម្មការនីយើង ក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ បន្តទៀត។

នៅក្នុងពីធីជួបសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័ អនុវត្តឲ្យមានប្រសិទ្ធភាព។

១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២) ត្រូវអនុវត្តការចុះពិនិត្យ នៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣) ត្រូវអនុវត្តចំពោះស្រ្តី មានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលា ឈប់សម្រាក ពីការងាររយៈ ពេល ៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវ តាមដានការងារឲ្យបានដិត ដល់ចំពោះការអនុវត្ត សកម្មភាពនេះ។

៤) ត្រូវអនុវត្ត ចំពោះកម្មការនី សម្រាលបានកូន(១) គឺទទួលថវិកា ៤០ម៉ីនរៀល និងពិនិត្យផ្ទៃពោះ​ ដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា ៨០ម៉ីនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា ១លាន ២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលទៀត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥) ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកបង់ជំនួស ១០០%។

៦) អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះ របស់កម្មករយើង ដែលនៅឆ្ងាយ ដែលមិនទាន់ទៅដល់ ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករ កម្មការនីកុំ អោយមានការឡើងថ្លៃ ក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើង មានកំណត់រួចរាល់ហើយ។

៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះ ក្នុងរយៈពេល ១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំអោយហើយ ដើម្បីឲ្យដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។

៨) អនុវត្តចូលរួមបន្ត យកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករ ទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋាន ផ្លូវច្បាប់នានា និងដើម្បីទទួលបាន នូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩) ក្រសួងការងារត្រូវចុះអនុវត្ត តាមដានភ្លាមៗ ឲ្យបានដិតដល់ និងចូលរួមដោះស្រាយ បញ្ហាប្រឈម នានាចំពោះកម្មករ នៅពេល ដែលម្ចាស់រោងចក្រ រត់ចោល។ ក្នុងនោះ គឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ ដល់កម្មករកម្មការិនី ដែលបានធ្វើការ ក្នុងពេល ដែលថៅកែរោងចក្រ បានរត់ចោល ហើយត្រូវបន្តដោះស្រាយ បញ្ហានានា ជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើ ដល់កម្មករ កម្មការនី អោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូន កូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់ លើកទឹកចិត្តមួយចំនួន ដល់កម្មករ និងដល់កម្មការនី មានផ្ទៃពោះចំនួន ៩៩៧ នាក់ផងដែរ ហើយបន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រ ចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាស ស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕