ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តបន្ទាយមានជ័យ

07 06 2018

ដើម្បីរួមចំណែកពង្រឹង ការគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិ ពិសេសការផ្តល់សេវាសាធារណៈ ជូនវិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានតែងតាំងថ្នាក់ដឹកនាំថ្មី ឲ្យចូលកាន់តំណែងផ្លូវការ សម្រាប់មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដែលជាខេត្តដ៏មានសក្តានុពលមួយ សម្រាប់វិស័យពាណិជ្ជកម្ម របស់កម្ពុជា។

ពិធីប្រកាសចូលកាន់មុខតំណែង ត្រូវបានរៀបចំឡើង នៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត ប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផល និងស្នាដៃសំខាន់ៗរបស់ក្រសួង ពាណិជ្ជកម្ម ហើយឯកឧត្តម ក៏បានបង្ហាញមោទនភាព ចំពោះវឌ្ឍនភាពថ្មីៗ នៅក្នុងខេត្តបន្ទាយមានជ័យ និងភាពរីកចម្រើន នៃវិស័យពាណិជ្ជកម្មនៅក្នុងខេត្តនេះ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ នាពេលកន្លងមក រហូតជំរុញ ឱ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបាន ការគាំទ្រពីសាធារណៈជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ អាជ្ញាធរខេត្ដបន្ទាយមានជ័យ ដែលបានផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមគ្រប់គ្រង សកម្មភាព ក្រុមហ៊ុន-សហគ្រាស ការតាមដានស្ថានភាពថ្លៃទំនិញ ការរៀបចំព្រឹត្ដិការណ៍ ពាណិជ្ជកម្មផ្សេងៗ ការចូលរួមត្រួតពិនិត្យគុណភាព ទំនិញ និងឃ្លាំមើលទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយ អំពីច្បាប់ និងបទបញ្ញត្ដិទាក់ទង វិស័យពាណិជ្ជកម្ម ជាដើម។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកប្រធាន មន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់ បំពេញការងារ និងត្រូវចេះ ពង្រឹងកិច្ចសហការ រវាងមន្ត្រីនៅក្នុងមន្ទីរ ក៏ដូចជាសម្របសម្រួល ធ្វើទំនាក់ទំនងខ្សែបណ្តាយ និងទទឹងឲ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវចេះដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗ បន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួង ពាណិជ្ជកម្ម ពិសេសសម្រួល ដល់ការអភិវឌ្ឍវិស័យឯកជន នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។

សូមបញ្ជាក់ថា បន្ទាយមានជ័យ ជាខេត្តធំបង្អស់ទី១៣ ដែលមានទីតាំង ស្ថិតនៅប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា ព័ទ្ធជុំវិញដោយខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ខេត្តនេះមានទីប្រជុំជនធំមួយ ឈ្មោះថាប៉ោយប៉ែត ស្ថិតនៅជាប់ជាមួយក្រុងអារញ្ញប្រាថេត នៃប្រទេសថៃ ដែលជាកូនសោរសេដ្ឋកិច្ច យ៉ាងសំខាន់ សម្រាប់វិស័យពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន រវាងកម្ពុជា-ថៃ៕