ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងចេញពីសន្និសីទរដ្ឋភាគី នាទីក្រុងញ៉ូវយ៉កថា ពិការភាព គឺជាផ្នែកអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា

12 06 2018

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងចេញ ពីសន្និសីទរដ្ឋភាគី នាទីក្រុងញ៉ូវយ៉កថា ពិការភាព គឺជាផ្នែកអាទិភាពមួយ របស់រដ្ឋាភិបាលកម្ពុជា។ ប្រទេសកម្ពុជា ចាត់ទុកសង្គមស៊ីវិល វិស័យឯកជន អង្គការជនពិការ ដៃគូអភិវឌ្ឍន៍ គឺជាដៃគូសហប្រតិបត្តិការដ៏ល្អ ក្នុងការអនុវត្តន៍ អនុសញ្ញា ស្តីពីសិទ្ធិជនពិការ។ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបែបនេះក្នុងឱកាស ដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា រួមជាមួយឯកឧត្តម ហាច ហ៊ាន អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសន្និសីទ លើកទី១១ នៃរដ្ឋភាគីអនុសញ្ញា ស្តីពីសិទ្ធិជនពិការ នៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវ យ៉ក សហរដ្ឋអាមេរិក។ សន្និសីទរដ្ឋភាគីនេះ ប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១២ដល់១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ « មិនអនុញ្ញាតិឲ្យនរណាម្នាក់ នៅក្រៅការអនុវត្តយ៉ាងពេញលេញ នៃអនុសញ្ញា ស្តីពីសិទ្ធិជនមានពិការភាព»៕