ឯកឧត្តម ប៉ាន សូរស័ក្តិ បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃឡង់ដ៏

12 06 2018

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់​ ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងថៃឡង់ដ៏ ថានឹងអាចសម្រេច បានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានចំនួន ៦ប៊ីលានដុល្លារ រួចទៅហើយ។

ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជ ទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសថៃឡង់ដ៏ ប្រចាំ នៅកម្ពុជា ដែលរៀបចំឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងជំនួប ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត និងបានលើកឡើង អំពីទំនាក់ទំនងស្អិតរមួត រវាងប្រទេសកម្ពុជា និងថៃឡង់ដ៏ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃកិច្ចសហប្រតិការ លើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែន ភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូល របស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ច របស់ពាណិជ្ជករ នៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់ភាគីថៃ ចាត់វិធានការណ៍ ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីប្រើប្រាស់ និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍ លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់ នៃប្រទេសកាណាដា។

ជាការឆ្លើយតប ឯកឧត្តម ប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីចំណាត់ការ របស់អាជ្ញាធរថៃ ក្នុងការជូនដំណឹង ដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការ ជាមួយតំណាងពាណិជ្ជកម្ម នៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករ ខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារ ក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមក បានជួយសម្របសម្រួល ពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំ គណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញ ទំហំពាណិជ្ជកម្ម ទ្វេភាគី ឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ ក្នុងនោះ ប្រទេសទាំងពីរ បានព្រមព្រៀងពង្រឹង ការអនុវត្តកិច្ចសម្រួល ពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកា ធុរកិច្ច និងវិនិយោគកាន់ តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខា លើឯកសារចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមបណ្តាខេត្ត នៅជាប់ព្រំដែន និង(២) អនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញ ពាណិជ្ជកម្ម។