ដំឡូងដៃខ្លា ជាដំណាំប្រពៃណីដែលបានលើកកម្ពស់ជីវភាពរបស់អ្នកភូមិពាមបានយ៉ាងប្រសើរ

១៩​ ០៦ ២០១៨

ដំឡូងដៃខ្លា ជាប្រភេទ​ រុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំ ទៅតាមប្រភេទពូជ។ ប្រភេទដំឡូងនេះ​ជាដំណាំប្រពៃណី របស់អ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលដាំតកូនតចៅ ច្រើនតំណមកហើយ ជាលក្ខណៈគ្រួសារផង និងសម្រាប់លក់ដូរផង។ បច្ចុប្បន្នប្រជាជនមួយចំនួនធំ ក្នុងភូមិបានពង្រីក ការដាំដុះច្រើនជាងមុន ព្រោះលក់បានតម្លៃខ្ពស់ នៅលើទីផ្សារ ហើយងាយស្រួល ថែទាំទៀត។

ទាក់ទងនឹងការដាំដុះ ពីដើមឡើយរហូតមក ដល់ពេលនេះ អ្នកភូមិភាគច្រើន នៅតែបន្តធ្វើតាមទម្លាប់ ពីបរមបុរាណ។ ដោយស្រប នឹងគោលការណ៍អភិរក្ស វប្បធម៌ប្រពៃណី ក្នុងការរស់នៅ ការលើកស្ទួយកម្រិតជីវភាព និងចង់ឱ្យប្រជាជន ក្នុងតំបន់អង្គររក្សា នូវដំណាំមរតក របស់ខ្លួន អាជ្ញាធរជាតិអប្សរា តាមរយៈគម្រោង ACHA បានសហការ ជាមួយអង្គការ IDE (In Partnership Promoting Agribusiness) កំពុងយកចិត្តទុកដាក់ បង្រៀន និងឱ្យអ្នកភូមិសាកល្បងដាំ តាមបច្ចេកទេសថ្មី ដែលងាយស្រួល ចំណាយកម្លាំង ទុន និងសម្ភារៈតិចជាងមុន តែទទួលបានទិន្នផលច្រើនជាង ដាំតាមទម្លាប់បុរាណ។

អ្នកមីង ផាត គន់ កសិករគំរូ នៅភូមិពាម មានប្រសាសន៍ថា គាត់ដាំដំឡូងដៃខ្លា តាមទម្លាប់បុរាណជាង ២០ឆ្នាំមកហើយ ពោលគឺត ពីម្តាយ ឪពុក របស់គាត់។ ដំឡូងនេះមួយរដូវដាំ បានតែម្តងទេ គឺចាប់ពីក្រោយ ចូលឆ្នាំហើយ (ខែពិសាខឬខែជេស្ឋ)។ ម៉្យាងទៀតដំណាំដំឡូងនេះ ងាយស្រួលដាំដុះ មិនត្រូវការទឹកច្រើន មិនចំណាយទុនច្រើន ឆាប់បានផល វាមិនទាមទារ កម្លាំងច្រើន ក្នុងការថែទាំ ស្រីៗក៏អាចធ្វើបាន និងងាយស្រួលលក់លើទីផ្សារ។ ចំពោះមើមឆៅ លក់ចេញ ៣៥០០រៀល/គីឡូ ចំណែកឆ្អិនបាន ៥០០០រៀល/គីឡូ ហើយពេលខ្លះវា អាចថ្លៃជាងនេះក៏មាន។ រីឯនៅឆ្នាំនេះ អ្នកមីងបានដាំដំឡូងដៃខ្លា នេះតាមទម្លាប់ និងតាមបច្ចេកទេសថ្មី ដែលអង្គការ IDE បង្រៀន។

អ្នកមីងបានរៀបរាប់ បន្តថា ការដាំតាមទម្លាប់ពីដូនតា គឺគ្រាន់តែជីករណ្តៅជម្រៅ ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាប់មកដាក់ ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះ លូតលាស់បោះដៃ បានសមល្មម ត្រូវយកកូនឈើ មាំល្មមមកធ្វើទ្រើង ដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផល បានហើយ។ ចំពោះការថែទាំ ក្នុងពេលកំពុងលូតលាស់ យើងគ្រាន់តែបោចស្មៅ កុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក ៤ ឬ៥ដង ក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឱ្យខ្ពស់។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផល ទៅតាមរបប ទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ ច្រើនបណ្តាល ឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន។ កសិករខ្លួនឯងអាចមើលដឹងថា ដំឡូងនឹងទទួលបានទិន្និផល តិច ឬច្រើន ដោយសង្កេត ទៅលើស្លឹក បើស្លឹកដំឡូងធំបញ្ជាក់ថា ដំឡូងមើមល្អ តែបើស្លឹកល្អិតៗនោះដំឡូង មើមតូចៗ។ ក្នុងការដាំ ផលលំបាក គឺកាប់ដីធ្វើរោងដាំ ហើយចំណាយតែ លុយទិញទ្រើងប៉ុណ្ណោះ តែងាយស្រួលថែ និងមិនសូវមានជំងឺឡើយ។

បើទោះបីមិនទាន់ដឹងថា ទិន្នផលដាំតាមបែបបច្ចេកទេស ខុសប្លែកពីការដាំ តាមទម្លាប់យ៉ាងណា តែអ្នកមីង ផាត គន់ ឱ្យដឹងថា ការដាំ តាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំងតិច កាត់បន្ថយបង្គោលឈើ បានច្រើន ចំណាយការទិញសម្ភារៈតិច ហើយសម្ភារៈមួយចំនួន ក៏មានការជួយឧបត្ថម្ភ ពីអង្គការ និងអាជ្ញាធរជាតិអប្សរា ផងដែរ ដូចជាទ្រើង សំណាញ់ស្បៃ និងជី ហើយរបៀបដាំងាយៗ។ អ្នកមីងបញ្ជាក់ថា ការនៅបន្តដាំដំណាំនេះ ដល់សព្វថ្ងៃ ព្រោះផលដំឡូង មានទីផ្សារ អាចលក់ដូរ និងបាន លើកស្ទួយជីវភាពគ្រួសារ កាន់តែល្អប្រសើរជាងមុន និងមិនបាច់នឿយហត់ ក្នុងការដាំដុះ ហើយចង់រក្សាដំណាំ ពីម្តាយនេះ ឱ្យគង់វង្សផងដែរ។

លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសនៃគម្រោង ACHA ឱ្យដឹងថា នៅឃុំដូនកែវ ដំឡូងដៃខ្លា ត្រូវបានប្រជាជនដាំ តាំងពីដូនតា មកហើយ។ ដូច្នេះ ដើម្បីលើកទឹកចិត្ត ដល់អ្នកភូមិឱ្យ រក្សានូវដំណាំនេះបន្ត និងក្នុងន័យអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ ហើយស្រប តាមគោលការណ៍ របស់អាជ្ញាធរជាតិ អប្សរាផងនោះ យើងបានផ្តល់បច្ចេកទេស បន្ថែមក្នុងការដាំដំឡូង ដល់អ្នកភូមិ ដើម្បីឱ្យទិន្នផល បានប្រសើរជាងមុន។

លោកបន្តថា ការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំង និងថវិកាទិញសម្ភារៈតិចជាងដាំតាមទម្លាប់ ដោយគ្រាន់តែដុតសំរាម ឬអង្កាមដាក់ នៅកន្លែងរោងមុនដាំ រួចហើយកប់ដី ស្រោចទុកជាការស្រេច។ គួរបញ្ជាក់ដែរថា ដំឡូងនេះ ត្រូវការជាតិអំបិលច្រើន ដូច្នេះការដុតអង្កាម ហើយដាក់ជី កំបោរកសិកម្ម គឺល្អបំផុត ព្រោះវាជួយសម្លាប់ មេរោគ និងដីមានជីវជាតិ ធ្វើឱ្យមើមចុះធំ។ លុះពេលវាធំល្មម ចាប់ផ្តើមពូនដី ឱ្យខ្ពស់ពីរបីដង រហូតដល់ ៦ខែប្រមូលផលបាន៕