ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទ​ ក្នុងតំបន់រលួស មានការវិវត្តអ្វីខ្លះ?

29​ 06 2018

តំបន់រលួស​ ត្រូវបានគេស្គាល់ថា ជាអតីតរាជធានី ដើមសម័យអង្គរ។ តំបន់នេះ មានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃ ប្រាសាទក្នុងតំបន់នេះ រងការខូចខាតជាច្រើន ដែលទាមទារ ឱ្យមានការជួសជុល ឱ្យបានទាន់ពេលវេលា។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញជាតិមួយរូប ដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួស ចាប់ពីឆ្នាំ២០០០ មកទល់នឹងបច្ចុប្បន្ន បានរៀបរាប់ នៅក្នុងកិច្ចប្រជុំបច្ចេកទេស លើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែ មិថុនា ឆ្នាំ២០១៨ថា៖ ប្រាសាទក្នុងតំបន់រលួស ដែលទទួលបានការជួសជុល មានដូចជា ប្រាសាទលលៃ ប្រាសាទ ព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះ ភាគច្រើនជាការជួសជុល ប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុល ផ្នែករចនាសម្ពន្ធ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ ការខូតខាត តទៅមុខទៀត។

១. ការជួសជុលប្រាសាទលលៃ

ការជួសជុលប្រាសាទលលៃ គឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរ បានរៀបចំទល់ទ្រ និងជួសជុលរចនា សម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុល បានជាង ៥០ភាគរយ ដូចជាប្រាង្គ នៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់ នៅក្នុងឆ្នាំ២០១៨នេះ។

២. ការជួសជុលប្រាសាទព្រះគោ

ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុល តួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេ រួចរាល់ជាស្ថាពរ នៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញ ទាំង៥ទៀត ក៏ទទួលបានការជួសជុល ផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយ នៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យ នៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។

៣. ការជួសជុលប្រាសាទបាគង

ប្រាសាទបាគង ដូចទៅនឹងប្រាសាទផ្សេងទៀតដែរ ក្នុងតំបន់រលួស គឺប្រាសាទភាគច្រើនសង់ពីដីឥដ្ឋ។ ការងារជួសជុល នៅប្រាសាទនេះ គឺបានជួសជុល ប្រាង្គធំ នៅជ្រុងពាយ័ព្យ ដែលជាកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងអង្គការអាឡឺម៉ង់ GACP ដែលបានបញ្ចប់ នៅដើមឆ្នាំ២០១៨។ បច្ចុប្បន្ន គម្រោងកំពុងបន្តជួសជុល ប្រាង្គលេខ៨ ដែលជាប្រាសាទឥដ្ឋ ហើយនេះ ជាការងារមួយដ៏ធំ សម្រាប់អាជ្ញាធរជាតិអប្សរា ដែលត្រូវការទាំងពេលវេលា និងថវិកា ដោយសារនៅទីតាំងនោះ មានផ្តែធំមួយ បានធ្លាក់នៅឆ្នាំ២០១០។ បច្ចុប្បន្នផ្តែនោះ បានជួសជុលរួចរាល់ ហើយយើង នឹងរៀបចំឱ្យមានឡើងវិញ។

បើតាមអ្នកជំនាញការងារ ជួសជុលប្រាសាទ លោក តាន់ សុផល ការជួសជុលប្រាសាទ ក្នុងតំបន់រលួស មានជួបបញ្ហាមួយចំនួនផងដែរ។ លោកបញ្ជាក់ថា អ្នកបច្ចេកទេស ត្រូវគិតគូរ ឱ្យបានល្អិតល្អន់ លើផ្នែកអ្វីមួយ ដូចជារចនាសម្ពន្ធ គឺការជួសជុល ត្រូវគោរព ទៅតាមទម្រង់ដើម ទាំងសោភណ្ឌភាព និងភាពរឹងមាំ គឺត្រូវបញ្ចូលធាតុផ្សំទាំងនេះតែមួយ ទើបការងារជួសជុល ទទួលបានជោគជ័យ និងមានភាពយូរអង្វែង៕