ប្រាក់ មុន្នីឧត្តម ចូលរួមជាមួយព្រះខ័នរាជស្វាយរៀងវិញ

29 06 2018

ខ្សែបម្រើឆ្នើម ប្រាក់ មុន្នីឧត្តម បានវិលត្រឡប់ទៅកាន់ព្រះខ័នរាជស្វាយរៀងវិញ បន្ទាប់ពីស្ថិត ក្រោយការចាកចេញពី ក្លិបម៉ាឡេស៊ី Negeri Sembilan។ កីឡាកររូបនេះ បានបង្ហាញខ្លួនសារជាថ្មីក្នុង នាសន្និសីទសារព័ត៌មាន​ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា។

ប្រាក់ មុន្នីឧត្តម ជាកីឡាករ ដែលទទួលបានការបណ្តុះបណ្តាល ​ពីក្លិបព្រះខ័នរាជស្វាយរៀង ហើយបានប្រឡូក ក្នុងអាជីព ជាមួយក្លិប ដែលមាន មូលដ្ឋាន នៅស្វាយរៀងមួយ នេះ ចាប់ពីឆ្នាំ២០១០មក។ ការវិលទៅចូលរួម ក្រោមដំបូលចាស់របស់ខ្លួនវិញ ដោយក្លិប Negeri Sembilan គឺជាក្លិបទីពីរប៉ុណ្ណោះ ដែលឧត្តម បានប្រឡូក ក្នុងអាជីព។

 ជាមួយព្រះខ័នរាជស្វាយរៀង កន្លងមក ឧត្តម ឈ្នះពាន ខេមបូឌានលីក១លើក និងពានរង្វាន់សម្តេច ហ៊ុន សែន ៤លើក។ សម្រាប់រង្វាន់ ឯកត្តជនវិញ ឧត្តម ទទួលបានស្បែកជើងមាស ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ និងជាប់ជាកីឡាករឆ្នើម ប្រចាំឆ្នាំ ដែលជ្រើសរើសដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅឆ្នាំ២០១៧។

វត្តមានរបស់ កីឡាករ ប្រាក់ មុន្នីឧត្តម នៅចំពេល ដែលក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសពី ការចែកផ្លូវកីឡាករ បរទេសបីរូប គឺTrevin Ceaser, Shane Booysen និង Hyun Whoo ។ ដោយឡែក ឡាយ រស្មី និងម៉ន កក្កដា ទៅចូលរួមជាមួយ អាស៊ីអឺរ៉ុប យូណាយធីត ក្នុងលក្ខខណ្ឌខ្ចីជើង៕