កម្ពុជាអាចនឹងមានការហោះហើរត្រង់ ពីឥណ្ឌូនេស៊ី នៅឆ្នាំ២០១៩

02​ 07 2018

ឯកឧត្តម ថុក សុខុម ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាន​ សហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍ បានថ្លែងថា ប្រទេសកម្ពុជា អាចនឹងមានការហោះហើរត្រង់ ដោយផ្ទាល់ពីប្រទេសឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍រូបនេះ បានធ្វើឡើង បន្ទាប់ពីជំនួបពិភាក្សាការងារ ត្រូវបានបញ្ចប់រវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងឯកឧត្តម Sudrirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នេះ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តម ថុក សុខុម បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត គាត់ស្នើសុំទៅភាគី ឥណ្ឌូនេស៊ី ឲ្យមានការហោះហើរត្រង់ រវាងកម្ពុជា និងឥណ្ឌូនេស៉ី ហើយយើងអាចមាន ការហោះហើរត្រង់ នៅក្នុងឆ្នាំ២០១៩ ដោយឡាយអិនអ៊ែរ»។

ទន្ទឹមនឹងការជំរុញ ឲ្យមានការហោះហើរត្រង់ នៅឆ្នាំ២០១៩ នេះ ឯកឧត្តម ថុក សុខុម បានឲ្យដឹងទៀតថា ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍ និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នា ដើម្បីរៀបចំពិធីបុណ្យប្រពៃណី បែបពុទ្ធសាសនាផងដែរ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ « ការរៀបចំបុណ្យបែបប្រពៃណីពុទ្ធសាសនា យើងធ្លាប់បានរៀបចំ នៅសៀមរាប កាលពីឆ្នាំ២០១៧ ហើយខាងឥណ្ឌូនេស៊ី ប្រាប់ថា នឹងយកចំណុចនេះ ទៅពិភាក្សា ជាមួយក្រសួងទេសចរណ៍ ហើយចំពោះកិច្ចសហប្រតិបត្តិការ រវាងការតភ្ជាប់ ដោយផ្ទាល់ពីកម្ពុជា ទៅឥណ្ឌូនេស៊ី អាចនឹងមាន ការហោះហើរត្រង់ នៅឆ្នាំ២០១៩ ដែលជាឆ្នាំប្រារព្ធខួប លើកទី៦០ នៃទំនាក់ទំនងការទូត កម្ពុជា និងឥណ្ឌូនេស៊ី»។

បើតាមឯកឧត្តម ថុក សុខុម អត្ថប្រយោជន៍ ដែលទទួលបានពីការរៀបចំ បុណ្យប្រពៃណី បែបពុទ្ធសាសនានេះរួមមាន៖
ទី១៖ បានផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជា
ទី២៖ បានជំរុញឲ្យគេស្គាល់ យើងបានកាន់តែច្រើន
ទី៣៖ បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ កាន់តែមានជំនឿ លើព្រះពុទ្ធសាសនា ប្រព្រឹត្តទង្វើមួយដែលល្អ។