ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាគណៈអធិបតីភាព តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់

02​ 07 2018

រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍ តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ គឺជាភស្តុតាង ដែលបញ្ជាក់ពីការចូលរួម របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត យុទ្ធសាស្ត្រកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងក ម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

ការអះអាងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញ ជាគណៈអធិបតីភាព ជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងប្រធានមន្ទីរ ពាណិជ្ជកម្មថ្មី ប្រចាំខេត្តពោធិ៍សាត់ ដែលរៀបចំឡើង នៅសាលា ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាល សាលាខេត្ត រួមទាំងតំណាងវិស័យឯកជន ប្រមាណជាង ១០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរ អតីតប្រធាន មន្ទីរពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ដែលបានលះបង់ កម្លាំងកាយចិត្ត ដើម្បីបំពេញ ភារកិច្ចគ្រប់គ្រង និងដឹកនាំមន្ទីរ ពាណិជ្ជកម្ម រហូតក្លាយទៅ ជាអង្គភាពមួយ ដែលទទួលបានការគាំទ្រ ពីវិស័យឯកជន និងគណៈអភិបាល ខេត្ដគ្រប់ជំនាន់។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ ខេត្តពោធិ៍សាត់ ដែលកន្លងមក បានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្រ រាល់កម្មភាព របស់មន្ទីរពាណិជ្ជកម្ម ព្រមទាំងបានស្នើ ប្រធានមន្ទីរថ្មី ខិតខំយកចិត្តទុកដាក់បំពេញការងារ ឲ្យបានល្អ ជាពិសេសត្រូវ ពង្រឹងកិច្ចសហការ ជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរខេត្ត ដើម្បីចុះត្រួតពិនិត្យទំនិញ នៅតាមទីផ្សារ ឲ្យបានដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាព ជូនប្រជាជន។ លើសពីនេះ ត្រូវពង្រឹងការអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទិននឹងការកំណត់ តម្លៃប្រេងថ្មី នៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការអបអរចំពោះព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មថ្ងៃនេះ និងបានស្នើដល់ប្រធានមន្ទីរថ្មី ខិតខំពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីដឹកនាំមន្ត្រីក្រោមឱវាទ និងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ សំដៅនាំមកនូវសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ។

លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈ និងខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសវិស័យឯកជននៅក្នុងខេត្តពោធិ៍សាត់ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ដែរថា ពោធិ៍សាត់ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា អមទៅដោយបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជា។ ក្រៅពីសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានប្រណិតៗ ខេត្តពោធិ៍សាត់ ក៏សម្បូរដោយដីមានជីជាតិ ដែលមានលក្ខណៈអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ និងឈើហូបផ្លែគ្រប់ប្រភេទ៕