វេទិកាកម្ពុជា-ចិន ”ស្តីពីបរិស្ថានទឹកទីក្រុង”

04​ 07 2018

វេទិកាកម្ពុជា-ចិន“ស្តីពីបរិស្ថានទឹកទីក្រុង” បានចាប់ដំណើការ​ នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគាំទ្រថវិកា ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានចិន-អាស៊ាន។ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រី នៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បានអញ្ជើញបើក វេទិការនេះ ដោយមានការចូលរួម ពីមន្រ្តីជាន់ខ្ពស់ អ្នកវិទ្យាសាស្រ្ត អ្នកជំនាញ វិស័យឯកជន នៃប្រទេសទាំង២ កម្ពុជា-ចិនជាច្រើននាក់។

ឯកឧត្តម ZHAO Yingmin បានឱ្យដឹងថារដ្ឋាភិបាលចិន បានកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់កិច្ចគាំពារបរិស្ថាន ការការពារប្រព័ន្ឋ អេកូឡូស៊ី ដោយធ្វើការកាត់បន្ថយ ថាមពលប្រើប្រាសទឹក។ គុណភាពទឹក នៅតាមទន្លេធំៗនៅប្រទេសចិន ត្រូវបានលើកកម្ពស់។ ឯកឧត្តម បានបន្ថែមថា តាមរយៈការិយាល័យ សហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន នៅកម្ពុជា នឹងជួយពង្រីកកិច្ចសហការ លើវិស័យផ្សេងៗ។ ចិនបានគាំទ្រ ជំនួយសម្ភារៈបច្ចេកទេស ត្រួតពិនិត្យគុណភាពទឹក ដែលរួមចំណែក ដល់កិច្ចគាំពារបរិស្ថាន ដែលជាស្មារតី នៃគោលការជួយគ្នា បងប្អូន ហូបទឹក តាមដងទន្លេតែមួយ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អនុរដ្ឋមន្រ្តីចិន តំណាងក្រសួង/ស្ថាប័ន ក្រុមហ៊ុនចិន និងរោងចក្រកម្ពុជា ដែលបានចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការអនុវត្តការ គ្រប់គ្រងបរិស្ថានទឹក នៅប្រទេសចិន និងប្រទេសកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត វាយតម្លៃខ្ពស់ ចំពោះការលើកឡើង បងប្អូន រួមគ្នាហូបទឹកទន្លតែមួយ ជោគវាសនា តែមួយ ហើយ ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន នឹងអាចគ្រប់គ្រង ទឹកបានល្អ និងនាំឱ្យយើងអាចប្រើប្រាស់ ទឹកល្អប្រសើរ។

សូមបញ្ជាក់ថា វេទិកាកម្ពុជា-ចិន “ស្តីពីបរិស្ថានទឹកទីក្រុង” ដំណើការរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៤-០៥ ខែកក្កដា ឆ្នាំ២០១៨ ផ្តោតលើកិច្ច សហប្រតិបត្តិការ ដ៏ប្រសើរ ការផ្លាស់ប្តូរបទពិសោធន៍ជា ការត្រួតពិនិត្យ និងការការពារ ការបំពុលទឹក ការអនុវត្តការគ្រប់គ្រង បរិស្ថានទឹកជាដើម។
កន្លងមកប្រទេសចិន បានផ្តល់ស្ថានីយ តាមដានគុណភាពទឹក នៅចំណុចប្រសព្វទន្លេចតុមុខ តំបន់កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ស្ថានីយនេះ នឹងផ្តល់ទិន្នន័យ ពីការបំពុលទឹក ចេញពីប្រភពផ្សេងៗ មកឲ្យក្រុមការងារជំនាញ ដើម្បីទប់ស្កាត់ទុកជាមុន ក្នុងការធានាគុណភាព ទឹកទន្លេ ដែលជាប្រភព ដ៏សំខាន់ នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋរស់នៅ តាមបណ្តាយដងទន្លេមេគង្គ។