សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករ២៧,៥២៩ នាក់ មកពីរោងចក្រចំនួន២៥ នៅខេត្តកណ្តាល

05 07 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកូន ក្មួយកម្មករ កម្មការិនី សរុបប្រមាណ ២៧,៥២៩នាក់ មកពីរោងចក្រ ចំនួន២៥ នៅក្នុងខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង២៥ ដែលបានចូលរួម ក្នុងពិធីសំណេះសំណាល នៅថ្ងៃនេះ គឺវិនិយោគដោយវិនិយោគិនចិន ចំនួន ២១រោងចក្រ, កូរ៉េ១ ,ជប៉ុន១ និងខ្មែរ២ ដែលរោងចក្រ ទាំងនោះមានផលិត ដូចជា សំលៀកបំពាក់, ផលិតកាបូប និង ដេរប៉ាក់។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញមកជួបសំណេះ សំណាល ជាមួយកូនក្មួយ កម្មករ នៅស្រុងអង្គស្នួល ក្នុងខេត្តកណ្តាល ជាថ្មីម្តងទៀត បន្ទាប់ពីថ្ងៃម្សិលមិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកូនក្មួយទាំងអស់ ដែលបានគោរព ស្រលាញ់សម្តេច ជារៀងរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណ ដល់ម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាត ឲ្យកូនក្មួយ កម្មករបានឈប់សំរាក នៅថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ ដែលនេះបានបង្ហាញ ពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ ព្រមទាំងសាមគ្គីភាពល្អ រវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា កម្ពុជាបានឆ្លងកាត់ នូវភ្លើងសង្គ្រាម ដ៏រាំរ៉ៃជាច្រើនជំនាន់ ដែលបានបំផ្លិចបំផ្លាញ ប្រទេសជាតិ ស្ទើររលាយទាំងស្រុង ជាពិសេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានប្រែក្លាយ តំបន់មានសង្គ្រាម ក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ចំពោះវឌ្ឍនៈភាព រីកចម្រើនរបស់ប្រទេសកម្ពុជា សព្វថ្ងៃ ដែលយើងបានខិតខំ ទាំងអស់គ្នា តាំងពីបាតដៃទទេ រហូតក្លាយជាប្រទេស លំបាកតោកយ៉ាក ដែលមានប្រាក់ចំណូលមធ្យម កម្រិតទាប ចាប់តាំពីឆ្នាំ២០១៥ មកម៉្លេះ។

តាមរយៈចក្ខុវិស័យ ដឹកនាំ និងតាមមាគា៍នយោបាយ ច្បាស់លាស់របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំ ដោយសម្តេចតេជោ គឺមានទិដៅអភិវឌ្ឍ ប្រទេសកម្ពុជា ក្លាយជាប្រទេស មានប្រាក់ចំណូលម ធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិច្ឆតា ក្លាយជាប្រទេស ដែលមានប្រាក់ចំណូល កម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់អោយរោងចក្រទាំងអស់ ដែលបានវិនិយោគ នៅក្នុង ប្រទេសកម្ពុជា គឺក្លាយទៅជាសហគមន៍ ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះ ម្ចាស់រោងចក្រ ត្រូវមានការ គោរពស្រលាញ់គិតគូ និងយកចិត្តទុក្ខដាក់ ឲ្យបានដិតដល់ ចំពោះកម្មករ ហើយកម្មករវិញ ត្រូវខិតខំបំពេញតួនាទី ការងារ ឲ្យបានល្អត្រលប់ទៅវិញ ដើម្បីបង្កើតបានជាសាមគ្គីភាព រវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះ ម្ចាស់រោងចក្រត្រូវខិតខំ កសាងបន្ថែមទៀត នូវអ្វីដែលខ្វះខាត នៅតាមរោងចក្រខ្លួន ដូចជា គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួល ដល់កម្មករពេល ទទួលទានអាហារ និងនៅពេលសង្រ្គោះបន្ទាន់។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានញ្ជាក់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ គឺកូនក្មួយកម្មករ នឹងបានឈប់សម្រាក ចំនួន៣ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និងទី៣០ ដោយទទួលបានប្រាក់ឈ្មួលពេញ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោត ថ្នាក់ជាតិ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ក្នុងនោះគឺសិស្សនិស្សិត ក៏ត្រូវបានឈប់សម្រាក ៣ថ្ងៃដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំនុច ដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្ត ឲ្យមានប្រសិទ្ធភាពៈ

១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២) ត្រូវអនុវត្តការចុះ ពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើអោយបានម៉ត់ចត់។

៣) ត្រូវអនុវត្ត ចំពោះស្រ្តីមានផ្ទៃពោះ សំរាលកូន គឺនឹងទទួលបានពេលវេលា ឈប់សម្រាក ពីការងាររយៈ ពេល ៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវ តាមដានការងារឲ្យបានដិត ដល់ចំពោះការអនុវត្ត សកម្មភាពនេះ។

៤. ត្រូវអនុវត្ត ចំពោះកម្មការិនី សម្រាលបានកូន (១) គឺទទួលថវិកា ៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះ ដោយឥតគិតថ្លៃ។ បើសម្រាល បានកូនភ្លោះ (២) គឺទទួលបានថវិកា ៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ ចំនួន ៥លានរៀលទៀត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយ កម្មការិនី ក្រីក្របំផុតនោះ គឺនឹងទទួលបាន នូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥) ត្រូវអនុវត្ត ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកបង់ជំនួស ១០០%។

៦) អនុវត្ត តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះ របស់កម្មករយើង ដែលនៅឆ្ងាយ ដែលមិនទាន់ទៅដល់ ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករ កម្មការិនីកុំ អោយមានការឡើងថ្លៃ ក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមក យើងមានកំណត់រួចរាល់ហើយ។

៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំ អោយហើយ ដើម្បីឲ្យដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។

៨) អនុវត្តចូលរួមបន្ត យកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករ ទៅក្រៅប្រទេស ជួយសម្រួល នូវបែបបទលិខិត បទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាន នូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩) ក្រសួងការងារ ត្រូវចុះអនុវត្ត តាមដានភ្លាមៗ ឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់ រោងចក្ររត់ចោល។ ក្នុងនោះ គឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែល ថៅកែរោងចក្រ បានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានា ជាមួយម្ចាស់រោងចក្រ ដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើ ដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូន កូន ក្មួយ កម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ប្រគល់ជូនថវិកា ឧបត្ថម្ភលើកទឹកចិត្ត ដល់កូនក្មួយកម្មការិនី មានផ្ទៃពោះ ចំនួន (១,០៨៥) នាក់ប្រកបដោយបរិយាកាស រីករាយ ស្និទ្ឋស្នាល កក់ក្តៅ និងដោយក្តីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត៕