គ្រូបង្វឹកវាយសីកម្ពុជា រំពឹងខ្ពស់នៅ Asean School Games ក្រោយត្រៀមខ្លួនទុកមុន៥ខែ

06 07 2018

ក្រោយសម្រុក ហ្វឹកហាត់ត្រៀម មុនជាង៥ខែ សហព័ន្ធកីឡាវាយសីកម្ពុជា រំពឹងខ្ពស់ថា អត្តពលិកថ្នាលទាំង១០រូប របស់ខ្លួន នឹងប្រជែងបាន លទ្ធផលល្អប្រសើរ ពីព្រឹត្តិការណ៍ Asean School Games លើកទី១០ នៅម៉ាឡេស៊ី ឆ្នាំនេះ។

គ្រូជម្រើសជាតិ កីឡាវាយសីថ្នាលកម្ពុជា លោក ព្រំ សារ៉ាវុធ បានថ្លែងនៅថ្មីៗនេះថា ឱកាសចូលរួមព្រឹត្តិការណ៍ កីឡាសិស្សអាស៊ានឬ Asean School Games នៅម៉ាឡេស៊ីឆ្នាំនេះ វាយសីកម្ពុជាមានរំពឹង អាចឈានដល់វគ្គផ្តាច់ព្រ័ត ដ្បិតការហ្វឹកហាត់សហព័ន្ធ បានត្រៀមខ្លួនមុន៥ខែ គឺគ្រប់គ្រាន់ សម្រាប់អត្តពលិកវ័យក្មេងកម្ពុជា ប្រកួតប្រជែងនឹងបណ្តាប្រទេសនៅអាស៊ានបាន។

លោក ជាម សុភា អគ្គលេខាធិការរង់សហព័ន្ធ កីឡាវាយសីកម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៍ កីឡាសិស្សអាស៊ានលើកទី១០ ឆ្នាំ ២០១៨ ដែលនឹងដំណើរ ការប្រកួតពីថ្ងៃទី១៩ ដល់ ២៣កក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡា វាយសីកម្ពុជា ត្រៀមនឹងបញ្ជូន កីឡាករ-ការិនីរបស់ខ្លួន ចំនួន ១០រូបឱ្យចូលរួម ក្នុងនោះកីឡាការិនី ចំនួន៤រូប។

លោកបន្តថា សហព័ន្ធបញ្ជូនកីឡាករការិនីវ័យក្មេង ចូលរួមព្រឹត្តិការណ៍ខាងលើនេះ ព្រោះសហព័ន្ធ ចង់ផ្តល់ឱកាសអោយពួកគេ បានចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍ អន្តរជាតិ ដើម្បីទទួលយកបទពិសោធន៍ល្អៗ ពីបណ្តាប្រទេស ក្នុងតំបន់ ត្រៀមខ្លួនប្រជែងដណ្តើម មេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣។

គួរដឹងដែរថា នេះជាលើកទី៣ហើយ ដែលកីឡាវាយសីយុវជន ថ្នាលកម្ពុជា បានចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាសិស្សអាស៊ាន ឬ Asean School Games។ យ៉ាងណាក្តី ការចាកចេញ២លើកកន្លងមក អត្តពលិកវាយសីកម្ពុជា ពុំទាន់យកបានមេដាយនៅឡើយនោះទេ៕