ក្រសួងទេសចរណ៍​ ប្រគល់វិញ្ញាបនបត្របំប៉នសមត្ថភាព ដល់អ្នកកំពុងបម្រើការងារសេវាកម្មតុការ អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ ចំនួន ១៣០០នាក់ នៅរាជធានីភ្នំពេញ

12​ 07 2018

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដម ប៉ាក់ សុខុម រដ្នលេខាធិការ​ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ភីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមជ័យលាភី ចំនួន ១៣០០នាក់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ឯកឧត្តម ប៉ាក់ សុខុម បានលើកឡើងថា កត្តាសុខសន្តិភាពគឺជាមូលដ្ឋានស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដូចនេះ យុវជនកម្ពុជា ត្រូវខិតខំថែរក្ សាឲ្យបានស្ថិតស្ថេរ និងជ្រោមជ្រែងការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាលាបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ភាគីឯកជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែគាំទ្រ សហការ និងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍជំនាញវិជ្ជាជិវៈទេសចរណ៍ ដោយបានអនុវត្តនូវបទដ្ឋានគិតយុត្ត យន្តការ និងឯកសារទ្រទ្រង់ នានា ដែលក្រសួងទេសចរណ៍ បានដាក់ចុះ ជាពិសេស បានគិតគូរ ដល់ការពង្រឹង និងទទួលស្គាល់ជំនាញ របស់អ្នកកំពុងបម្រើ ការងារសេវាកម្ម តុការ អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពជាក់ស្តែង ដែលសកម្មភាពនេះ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចុះរួមមាន៖

• ឆ្នាំ២០២០ ទេសចរណ៍កម្ពុជានឹងសម្រេចបាន នូវការងារដោយ ធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០%។
• ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជានឹងសម្រេចបាន នូវការងារដោយធ្វើការ បណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០% ដោយចូលរួមជម្រុញផ្សព្វផ្សាយ យុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”។
• ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ ៤ និង ៨។

សូមរំលឹកផងដែរថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារ ផ្ទាល់បានប្រមាណ ៦២ ម៉ឺននាក់ ស្មើនឹង១២,៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់ បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១,២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារ ដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។